ដោយស៊ីវ ម៉េង
ភ្នំពេញ: សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៨ បានបញ្ចប់ជាមួយលទ្ឋផលជាវិជ្ជមាន និងគួរជាទីមោទន ហើយទស្សនវិស័យសំរាប់សេដ្ឋកិច្ចឆ្នាំ២០១៩ នៅតែមានសញ្ញាវិជ្ជមាន។នេះបើយោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ ដែលបានចេញផ្សាយកាលពីថ្ងៃទី២ មករាកន្លងមកនេះ។
របាយការណ៍ដដែលបានឲ្យដឹងថា “សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើនគួរជាទីមោទន”។ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានភាពរ៉ឹងមាំ ទោះបីជាបានប្រឈមនឹងហានិភ័យមួយចំនួនក្តី។ វិស័យកាត់ដេរ សំណង់ និងទេសចរណ៍បន្តមានកំនើនក្នុងអត្រាពីរខ្ទង់ ក្នុងបរិយាកាសអំ ណោយផលនៃកំនើនសេដ្ឋកិច្ចពិភពលោក និងដោយមានការគាំទ្រពីគោលនយោបាយសាររពើវិត្ថារកម្ម គោលនយោបាយហិរញ្ញវត្ថុ និងផ្លែផ្កានៃវឌ្ឈនភាពនិងវិស័យធនាគារនិងវិស័យដទៃទៀត។
របាយការណ៍ដដែលបានបន្តថា ទោះបីជាបានប្រឈមនឹងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ចិន និងឥទ្ឋិពលនៃប្រក្រតីកម្មនៃគោលនយោបាយហិរញ្ញវត្ថុ ក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនក៏ដោយ កំនើនសេដ្ឋកិច្ចពិភពលោក និងតំបន់មានភាពល្អប្រសើរ និងបានផ្តល់កាលានុវត្តន៍ភាពល្អដល់សេដ្ឋកិច្ចកម្ពុជា។ លំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា បន្តកើនឡើងក្នុងអត្រា១២ភាគរយ ពិសេសវិស័យធនាគារ អចលនទ្រព្យ និងវិស័យកាត់ដេរ ហើយបានគាំទ្រជញ្ជីងទូទាត់ឲ្យមានអតិរេកប្រមាណ៤,៥ភាគរយ នៃផលទុនជាតិសរុបក្នុងស្រុក។
អតិរេកជញ្ជីងទូទាត់ពាណិជ្ជកម្ម បានរួមចំណែកគរពូនទុនបង្រុងអន្តរជាតិរបស់កម្ពុជាដល់១០ពាន់លានដុល្លារអាមេរិក ដែលអាចធានាការនាំចេញទំនិញនិងសេវាសម្រាប់ឆ្នាំបន្ទាប់បាន៥,៤ខែ ដែលជាកម្រិតខ្ពស់ធៀបនឹងអកម្រិតអប្បរមា ដែលប្រទេស អភិវឌ្ឍន៍គួរមាន។
សំរាប់ទស្សនវិស័យឆ្នាំ២០១៩ របាយការណ៍នេះបានបញ្ជាក់ថា ទស្សនវិស័យសំរាប់ឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជារំពឹងបន្តកំនើនក្នុងរង្វង់អត្រា៧ភាគរយ ហើយអតិផរណាបន្តស្ថិតក្នុងកម្រិតទាបក្នុងរង្វង់២,៦ ជាមួយនឹងស្ថេរភាពអត្រាប្តុឬប្រាក់៤០៥០រៀលក្នុងមួយដុល្លារអាមេរិក។ ចំណែកទុនបំរុងអន្តរជាតិរំពឹងកើនដល់១១,៣ពាន់លានដុល្លារអាមេរិក ដែលអាចធានាដល់ការនាំចេញ និងសេវាបានរយៈពេល៥ខែ។
ម្យ៉ាងវិញទៀត ឥណទានធនាគាររំពឹងថា នឹងបន្តកើនឡើងក្នុងល្បឿន១៧,១ភាគរយ និងបរិយាប័ណហិរញ្ញវត្ថុនឹងបន្តកើនឡើងជាលំដាប់ ដែលកត្តាទាំងនេះនឹងបន្តរួមចំណែកជំរុញការរីកចម្រើនសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្របន្ថែមទៀត។
លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានគាំទ្ររបាយការណ៍នេះ ដោយលោកបានមានប្រសាសន៍ថា នៅពេលណាយើងគ្រប់គ្រងបាននូវម៉ាក្រូសេដ្ឋកិច្ច និងអនុវត្តន៍ច្បាប់បទដ្ឋានគតិយុត្តិនានាបានល្អ និងគោលនយោបាយលើកទឹកចិត្តចំពោះអ្នកវិនិយោគនានា វាជំរុញឲ្យមានស្ថេរភាព និងកំនើសេដ្ឋកិច្ច ហើយកំណើននេះមិនត្រឹមតែសម្រេចបាននៅឆ្នាំ២០១៩នេះទេ តែអាចបន្តរុញកំនើនបន្តនៅឆ្នាំ២០២០ ឬឆ្នាំ២០២១បន្ថែមទៀត។
លោកបន្តថា “ជាមួយនឹងកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនេះ នឹងជាការជំរុញឲ្យអ្នកវិនិយោគបរទេស ចូលមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត”។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបានកំនើនក្នុងរង្វង់៧ភាគរយរយៈពេលវែងបន្តទៀត៕