NBC​ អះអាងថា ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារហិរញ្ញវត្ថុកើនឡើងដល់ ៩១ភាគរយនៃផសស

0

​ដោយគង់ សូរិយា
​ភ្នំពេញ:​ ធនាគារជាតិនៃកម្ពុជា (NBC)បានអះអាងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ការរីកចម្រើននៃប្រព័ន្ឋហិរញ្ញវត្ថុកម្ពុជា ពិសេសមានជំនឿទុកចិត្តពីសាធារណជន មកលើប្រព័ន្ធធនាគារ បានធ្វើឲ្យប្រាក់បញ្ញើនៅក្នុងគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ មានកំនើនឡើងដល់៩១ភាគរយ នៃផលទុនជាតិសរុបហៅកាត់ផ.ស.ស។


យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ ដែលបានចេញផ្សាយកាលពីដើម​សប្តាហ៍នេះបានបង្ហាញថា ការអនុវត្តន៍គោលនយោបាយហិរញ្ញវត្ថុ និងគោលនយោបាយសារពើរពន្ធសមស្រប បានចូលរួមចំណែករក្សាស្ថិរភាពថ្លៃរឹងមាំ គាំទ្រដោយការវិនិយោគ និងការរីកច្រើនសកម្មភាពសេដ្ឋកិច្ច ក្នុងនោះចំពោះវិស័យធនាគារ រូបិយវត្ថុទូទៅបានកើនឡើង២៤,២% ពោលគឺបានកើនឡើងជាងឆ្នាំ២០១៧ ដោយបានស្ថិតនៅក្នុងកម្រិតសមស្របនឹងការរីកចម្រើននៃសេដ្ឋកិច្ច គឺមិនបណ្តោយឲ្យមានសម្ពោធដល់អតិផរណានោះឡើយ។

របាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថា ក្នុងពេលដែលម៉ាក្រូសេដ្ឋកិច្ច និងហិរ ញ្ញវត្ថុកាន់តែមានភាពរីកចម្រើន វិស័យធនាគារបានចូលរួមចំណែកយ៉ាងសំខាន់ ដោ​យ សម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ជាក់ស្តែងវិស័យធនាគារបន្តចាប់ឬសគល់ទៅក្នុងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយបានជម្រុញភាពស៊ីជម្រៅ លើផ្នែកហិរញ្ញវត្ថុបានកើនឡើងដល់៧៨ភាគរយក្នុងឆ្នាំ២០១៨ ហើយទ្រព្យសកម្មសរុបមានកំណើនឡើងដល់១៧៤ភាគរយ នៃផ លទុនជាតិសរុប(ផសស) កើនឡើង២០ភាគរយ ក្នុងឆ្នាំ២០១៨នេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

របាយការណ៍បានបញ្ជាក់ថា “វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីភាពទុកចិត្តពីសាធារណជនមកលើប្រព័ន្ធធនាគារ ជាក់ស្តែងបានជម្រុញឲ្យប្រាក់បញ្ញើ មានកំណើនឡើងដល់៩១ភាគរយនៃផសស កើនឡើង១៦ភាគរយក្នុងឆ្នាំ២០១៨ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។ របាយការណ៍បន្តថា “ការរីកចម្រើននេះបានផ្តល់លទ្ធភាពឲ្យគ្រឹះស្ថានធនាគារ និងហិរ​ញ្ញ​វត្ថុ ធ្វើអន្តរការិយកម្មហិរញ្ញប្បទានកាន់តែសកម្ម”។

ឥណទានក៏សម្រេចបានកំណើន១០២ភាគរយ នៃផសសគឺបានកើនឡើង២០,១ភាគរយ ដែលបានគាំទ្រដល់ការធ្វើពិពិធកម្ម មូលដ្ឋានកំណើនសេដ្ឋកិច្ច ប្រក​បដោយចីរភាព និងបរិយាប័ន្ន។ ស្របពេលដែលវិស័យធនាគារ បាននិងកំពុងចូលរួមចំណែកអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ដោ​យបានបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ ជាលំដាប់បច្ចុប្បន្ន៦៩ភាគរយ នៃប្រជាជនពេញវ័យកំពុងទទួលបានសេវាកម្មហិរញ្ញវត្ថុ ស្របពេលដែលចំណេះដឹងពីការប្រើប្រាស់ហិរញ្ញវត្ថុ ត្រូវបានពង្រីកជាប្រចាំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here