ដោយ វុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ អាចនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅកំឡុងត្រីមាសទី១ឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព៌តមាន ក្រោយបើកសន្និបាតការងារក្រសួងនាព្រឹកថ្ងៃទី៩ មករានេះ លោកស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នក្រុមការងារក្រសួងបាន និងកំពុងដោះស្រាយផលប៉ះពាល់ជាមួយប្រជា ពលរដ្ឋ ដែលរងផលប៉ះពាល់ទាក់ទងនឹងការសាងសង់ផ្លូវនេះ។លោកបន្តថា យើងអាចបើកកាតរដ្ឋានសាងសង់ផ្លូវនេះនៅកំឡូងត្រីមាសទី១ឆ្នាំនេះ ប្រសិនជាអាចធ្វើទៅបាន។
អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនលោកនូ វឌ្ឍនៈបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនផងដែរថា គ្រឿងចក្រសម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ នឹងដឹកមកដល់កម្ពុជានៅចុងខែមករានេះ ដោយគ្រឿងចក្រទាំងនោះមានតម្លៃប្រមាណ១០០លានដុល្លារអាមេរិក។ លោកបន្តថា បច្ចុប្បន្នក្រុមអ្នកជំនាញចិនជិត២០០នាក់ បានមកដល់កម្ពុជាហើយ ហើយការសាងសង់ស្ថានីយ៍ និងការរិយាល័យសំរាប់ស្នាក់នៅ នឹងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ។
លោកបន្តថា “ជាមួយគ្នានេះរដ្ឋាភិបាលបាន និងកំពុងពន្លឿនការដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ ដែលមានដីនៅតាមតំបន់ទាំងនេះ ដែលការងារនេះមានភាពស្មុគ្រស្មាញបន្តិច។លោកបន្តថា “ពេលវេលាបើកការដ្ឋានសាងសង់នាពេលណា ខ្ញុំមិនទានច្បាស់នៅឡើយទេ ប៉ុន្តែគឺមិនចំណាយពេលយូរនោះទេ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ នឹងចាកចេញពីតំបន់អូរដឹម នៃចំណុចប្រសព្វរវាងផ្លូវទៅទំនប់កប់ស្រូវ និងអូសកាត់ផ្នែកខាងស្តាំដៃនៃផ្លូវជាតិលេខ៤ ។ លោកបន្តថា ចេញពីរាជធានីភ្នំពេញ ផ្លូវនេះនឹងស្ថិតនៅផ្នែកខាងស្តាំស្របតាមផ្លូវជាតិលេខ៤ ប្រវែងប្រមាណ៣០គីឡូម៉ែត្រ ទើបផ្លូវនេះងាកមកឆ្វេងដៃវិញរហូតដល់ស្រុកព្រៃនប់ ទើបងាកមកខាងស្តាំដៃវិញរហូតដល់ក្រុងព្រះសីហនុ។
លោកបន្តថា “ផ្លូវដ៏សំខាន់នេះនឹងសាងសង់នៅខែវិច្ឆិកាហើយ នេះបើតាមការប្រកាលរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ លោកបន្តថា “ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់១៩០០លានដុល្លារនេះ នឹងសាងសង់រយៈពេល៤ឆ្នាំ ហើយផ្លូវនេះនឹងមានរបងបិទជិតទាំងសងខាង ដើម្បីកុំឲ្យមានការរំខានពីការធ្វើចរាចរណ៍ឆ្លងកាត់ច្រើន។
លោកវ៉ាស៊ីម សូរិយាបានបន្តថា ផ្លូវល្បឿនលឿនឬ Express Way នឹងមានទទឹង២៤ម៉ែត្រ ដោយរថយន្តអាចបើកបរបានពីរគន្លងទាំងទៅទាំងមក ហើយមានសួនច្បារនៅចំកណ្តាលតាំងពីរាជធានីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ៕