ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ច្បាប់ពាណិជ្ជកម្មតាមអនឡាញ រឺហៅថា អ៊ី ខមមើស (E-Commerce) របស់ប្រទេសកម្ពុជា នឹងចេញជារូបរាងឆាប់ៗខាងមុខនេះ។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកថៅ សុខមុនី បានលើកឡើងក្នុងសិក្សាថ្នាក់ជាតិស្ដីពី ការអភិវឌ្ឍន៍ពាណិជ្ជកម្មនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១០ មករាកន្លងមកថា ច្បាប់ពាណិជ្ជកម្មអនឡាញ ក្រសួងពាណិជ្ជកម្មកំពុងតែជំរុញ និងពន្លឿនច្បាប់នេះឱ្យចេញរូបរាងឆាប់ៗ ដើម្បីការពារប្រយោជន៍ដល់អ្នកលក់ និងអ្នកទិញទាំងអស់ទាំងក្នុងនិងក្រៅស្រុក។
លោកបន្តថា “ការធ្វើពាណិជ្ជកម្មតាមអនឡាញមានសារៈសំខាន់ណាស់ សម្រាប់ការពង្រីកសក្ដានុពលទំនិញ និងផលិតផលមួយ ហើយជាក់ស្ដែងនៅប្រទេសចិន ការធ្វើពាណិជ្ជកម្មតាមអនឡាញនេះ គឺអាចលក់បានរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ដោយមិនចាំបាច់ទៅជួបអ្នកទិញឡើយ គឺគ្រាន់តែអ្នកទិញផ្ញើប្រាក់ដល់អ្នកលក់ និងផ្ញើទំនិញមកកាន់អ្នកទិញវិញតែប៉ុណ្ណោះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា ពាណិជ្ជកម្មតាមអនឡាញ គឺមានសារសំខាន់ណាស់ ក៏ប៉ុន្តែត្រូវសួរថាកម្ពុជាមានធនធាន ហើយប្រជាជនមានការយល់ដឹងកម្រិតណាពីវិស័យអ៊ីខមមើស ដូច្នេះបើនៅជនបទវិញគួរតែមានគ្រូបង្គោលមួយ ដើម្បីបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋពីការប្រើប្រាស់បណ្ដាញអ៊ីនធើណេតជាពិសេសពីរបៀបដាក់លក់ទំនិញទៅក្នុងប្រព័ន្ធអនឡាញ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាងួន ម៉េងតិចបានបញ្ជាក់ថា កន្លងមករហូតដល់បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មនៅកម្ពុជា គឺត្រូវពឹងផ្អែកទៅលើការទូទាត់ប្រាក់សុទ្ធ និងត្រូវទៅដល់ទីតាំងទំនិញផ្ទាល់តែម្ដង ដែលធ្វើឲ្យខាតពេលវេលា និងខាតប្រាក់កាសផងដែរ ហើយជាពិសេសវានឹងបង្កជាហានិភ័យសម្រាប់អ្នកលក់និងអ្នកទិញ។
លោកបន្តថា “ប្រសិនការធ្វើពាណិជ្ជកម្មអនឡាញ និងការទូទាត់ទំនិញតាមបច្ចេកវិទ្យាកាន់តែទូលំទូលាយ នោះនឹងជំរុញឲ្យសកម្មភាពពាណិជ្ជកម្ម កាន់តែផុសផុលឡើង ជាពិសេសនឹងជំរុញឲ្យទំនិញក្នុងស្រុក កាន់តែមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស”៕