ដោយ វុត្ថា
កំពង់ស្ពឺ៖ លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិនមួយមានឈ្មោះថា Floy Green Land ដែលមានម្ចាស់ជនជាតិអាមេរិកគ្រោងវិនិយោគទឹកប្រាក់២០០លានដុល្លារអាមរិក ដើម្បីសាងសង់មជ្ឈមណ្ឌលអគារពាណិជ្ជកម្ម ដែលរួមានអគារស្នាក់នៅបែបខុនដូ និងផ្សារទំនើបនៅក្នុងទីរួមខេត្តកំពុងស្ពឺតែម្តង។
លោកបន្តថា “ខ្ញុំចង់លើកមុខមាត់កំពង់ស្ពឺយើងហ្នឹងណា ចឹងហើយបានខ្ញុំខិតខំកៀងគរអ្នកវិនិយោគមកអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន។ លោកបន្តថា “តាមផែនការមជ្ឈមណ្ឌលអាគារពាណិជ្ជកម្មនេះ គ្រោងនឹងសាងសង់នៅលើ ទីតាំងសាធារណៈការខេត្តបច្ចុប្បន្ន បើសាងសង់កន្លែងហ្នឹង វានឹងអាចប្រែមុខប្រែមាត់ខេត្តខ្លាំងមែនទែន ហើយទល់មុខហ្មឹងមានកន្លែងមួយទៀត គឺនៅទីតាំងស្ទីតយោរបស់ក្រសួងវប្បធម៌ ដោយយកទីតាំងទាំងនេះចេញ។
លោកអភិបាលខេត្តបានបន្ថែមថា តំបន់ហ្នឹងគឺជាកន្លែងមជ្ឍមណ្ឌលពាណិជ្ជកម្ម ដ៏ទំនើប ហើយលោកចង់ឲ្យក្រុមហ៊ុននីមួយៗសាងសង់សងខាង មានស្ពានអាកាសឆ្លងកាត់លេខ៤ ដោយអាចដើរឆ្លងពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតផងដែរ តែនេះ គ្រាន់តែស្រមើស្រមៃទុកប៉ុណ្ណោះ ព្រោះខាងក្រុមហ៊ុនកំពុងតែសិក្សាលំអិត។
យ៉ាងណាក៏ដោយ លោកបន្តថា “ខាងក្រុមហ៊ុនបានគាំទ្រនូវអ្វីដែលយើងគិតគូជូនពួកគាត់ ព្រោះពួកគាត់ចង់បានដូច្នេះដែរ តែអ្វីដែលសំខាន់គឺខាងក្រុមហ៊ុនជ្រើសរើសជួយខេត្តកំពង់ស្ពឺមួយសិន ក្នុងគោលដៅក្នុងការអភិវឌ្ឍន៍ ដោយកន្លងមកគម្រោងរបស់ពួកគាត់មាននៅក្នុងខត្តព្រះសីហនុ កំពត កែប និងកោះកុង។
លោកអភិបាលខេត្តរូបនេះបានបន្តថា នៅពេលយើងរៀបចំដីជូនក្រុមហ៊ុនរួចរាល់ពេលណា ដោយមានការគាំទ្រដោយប្រមុខរាជរដ្ឋរាជរដ្ឋាភិបាល ខាងក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់ និងវិនិយោគហើយសម្រាប់គំរូប្លង់អ្វីៗ ត្រូវបានគេធ្វើរួចរាល់អស់ហើយ នៅឡើយតែដីប៉ុណ្ណោះ។
លោក វ៉ី សំណាង អភិបាលខេត្ត បានសម្ដែងនូវការគាំទ្រ ចំពោះគម្រោងទាំងនេះ ក្នុងការជួយលើការបង្កើតឱកាសការងារ ដែលជាវិភាគទានដ៏សំខាន់ក្នុងការចូលរួមចំនែកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយក្នុងនាមអាជ្ញាធរខេត្ត លោកនិងផ្ដល់នូវកិច្ចសហការជានិច្ចជាមួយក្រុមហ៊ុន នូវរាល់គម្រោងវិនិយោគនានាក្នុងខេត្តកំពង់ស្ពឺ ដើម្បីបង្កើតការងារធ្វើ កាត់បន្ថយចំណាកស្រុក បង្កើនចំណូល និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃម្សិលម៉ិញក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង រដ្ឋបាលខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង សមាគមអ្នកវិនិយោគចិន-កម្ពុជា ក្នុងគោលបំណងផ្ដោតសំខាន់លើការវិនិយោគ លើគ្រប់វិស័យដែលរួមមានអគារស្នាក់នៅ ផ្សារទំនើប កន្លែងកំសាន្ត និងតំបន់អេកូទេសចរណ៍ផងដែរ៕