អ្នកជំនាញៈកម្ពុជាក្លាយចាគោលដៅវិនិយោគមួយរបស់អ្នកមាន ជនជាតិចិន

0

   ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ថ្មីតែជនជាតិចិនទើបតែចាប់ផ្ដើម បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្រោយវិនិយោគិនបណ្ដាប្រទេសមួយមែន ប៉ុន្តែចិនបានបង្កើតនូវប្រវត្តិសាស្ត្រ ដែលបានក្លាយជាវិនិយោគិន និងទេសចរច្រើនជាងគេនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគថ្មីមួយរបស់ប្រជាជនអ្នកមានរបស់ចិន។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា ប្រទេសចិនជាប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ហើយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រជាជនភាគច្រើន សឹងតែអាចនិយាយបានថា មិនបានចាយលុយទាល់តែសោះ ដោយសារតែកូវីដ១៩ ។

លោកបន្តថា ប្រទេសចិនមិនត្រឹមតែជាប្រទេស ដែលមានប្រជាជនច្រើនជាងគេនោះទេ តែប្រទេសចិនក៏មានអ្នកមានច្រើនជាងគេមួយ ក្នុងចំណោមប្រទេសអ្នកមាននៅលើពិភពលោក។ ដូច្នេះ នៅពេលប្រទេសចិនបើកសេដ្ឋកិច្ច និងបើកទូលាយដល់ការធ្វើដំណើរឡើងវិញ ប្រជាជនចិននឹងចាប់ផ្ដើមស្វែងរក ការវិនយោគនៅក្រៅប្រទេស ក្នុងនោះកម្ពុជាក៏បានក្លាយជាគោលដៅ សំខាន់មួយរបស់វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ ។

លោកបន្តថា “តាមការស្រាវជ្រាវបានបង្ហាញចិន ចូលចិត្តវិនិយោគនៅតំបន់អាហ្វ្រិក អឺរ៉ុប សិង្ហបុរីហើយមួយចំនួនក៏បានចាប់អារម្មណ៍លើការវិនិយោគ នៅក្នុងប្រទេសកម្ពុជាយើងផងដែរ”។

លោកបន្ថែមថា ក្នុងឆ្នាំ២០២៣នេះ យើងរំពឹងថាកំណើនប្រជាជនអ្នកមាននៅ ក្នុងប្រទេសចិននឹងហូរចូលកម្ពុជា ដើម្បីស្វែងរកការវិនិយោគទៅលើវិស័យនានា ដែលជាជំនាញរបស់ពួកគេ  ហើយពេលពួកគេចូលមកកាន់តែច្រើននោះ នឹងទីផ្សារខុនដូតម្រូវការខុនដូ នៅក្នុងប្រទេសកម្ពុជា មានសន្ទុះងើបឡើងវិញទៅតាមនោះដែរ ។

លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងផងដែរថា មកដល់ពេលនេះចិននៅតែបន្តឈរលំដាប់ទី១ ជាប្រទេសដែលមានវិនិយោគិន ដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ។ ក្នុងឆ្នាំ២០២៣នេះដែរ បន្ទាប់ពីចិនបើកប្រទេសយើងសង្ឃឹមថា វិនិយោគិននឹងចូលកម្ពុជាឡើងវិញ ដើម្បីបន្តដំណើរការវិនិយោគរបស់ខ្លួន ក៏ដូចជា គម្រោងវិនិយោគថ្មីៗបន្ថែមទៀត ។

នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ គម្រោងវិនិយោគធំៗ និងអគារខ្ពស់ៗមួយចំនួន ត្រូវបានកាន់កាប់ដោយវិនិយោគិនចិន និងជាគម្រោងវិនិយោគរបស់វិនិយោគិនចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here