ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានលើកឡើងស្រដៀងគ្នាថា ការទិញខុនដូទុកសម្រាប់ជួល ជាការវិនិយោគមួយដែលល្អ ព្រោះផលចំណេញពីការវិនិយោគមានអត្រាខ្ពស់។
អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia អ្នកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមកាលពីរសៀលថ្ងៃទី៦ មិនាថា បើធៀបនឹងអចលនទ្រព្យដទៃទៀត ចំណូលពីការជួលខុនដូ អាចទទួលបានផលចំណេញ ពីការវិនិយោគប្រមាណ៦ភាគរយក្នុងមួយឆ្នាំ ខណៈអចលនទ្រព្យដទៃទៀតទទួលបានផលចំណេញ៤ ទៅ៥ភាគរយ។
អ្នកស្រីបន្តថា “ប៉ុន្តែអ្វីសំខាន់គឺអ្នកវិនិយោគ ត្រូវរើសខុនដូឲ្យត្រូវ គឺត្រួវទាំងគុណភាព ត្រូវនឹងតម្លៃ ត្រូវទាំងទីតាំង និងពាក់ព័ន្ឋនឹងគំរោងខុនដូផងដែរ”។ អ្នកស្រីបន្តថា “ប្រសិនជាទិញខុនដូ គ្មានគុណភាព មិនមានអតិថិជនចង់ជួលនោះទេ ដែលគុណភាពនៅទីនេះគឺសំដៅដល់គុណភាពសំណង់ ការឌីសាញ និងគុណភាពនៃការគ្រប់គ្រង និងតម្លៃខុនដូផងដែរ”។
ជាមួយគ្នានេះ លោកញឹម រាសីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យWH ដែលផ្តល់សេវាកម្មដែលជាអ្នកជំនាញគ្រប់គ្រងទ្រព្យជំនួសដើម្បីរកចំណូលជួលជូនម្ចាស់ បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅក្នុងទីផ្សារជួល ខុនដូមានភាពល្អប្រសើរ ដោយសារតែខុនដូភាគច្រើននៅក្នុងទីក្រុង ដែលយើងជួលបានតម្លៃល្អ អាស្រ័យលើទីតាំង អ្នកអភិវឌ្ឈន៍ និងសេវាកម្មគ្រប់គ្រង។
លោកបន្តថា “ខុនដូ មានភាពប្រកួតប្រជែង ជាមួយសេវាអាផាតម៉ិន ប៉ុន្តែខុនដូល្អ ដោយសារយូនីតនិមួយៗដោយសារយូនីតនិមួយៗមានទំហំសមល្មម ជាអាគារថ្មីៗល្អ និងមានសេវាកម្ម បំរើឲ្យការរស់នៅងាយស្រួល ដូចជា កន្លែងហាត់ប្រាណ ស្ទីម សោណា ភោជនីយដ្ឋានជាដើម”។ លោកបន្តថា “ភ្ញៀវចាប់អារម្មណ៍ជួលខុនដូកាន់តែច្រើន ពិសេសខុនដូដែលមានសេវាកម្មគ្រប់គ្រងល្អ គឺសេវាកម្មល្អដូចសេវាកម្មអាផាតម៉ិន”។
លោកញឹម រាសីបានបន្តថា ជាមួយគ្នានេះ ការផ្គត់ផ្គង់ច្រើនក្នុងទីផ្សារ ក៏បានធ្វើឲ្យទីផ្សារមានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែផលចំណេញនៅតែខ្ពស់ ដែលមានរហូតដល់៩ ទៅ១២ភាគរយ”។ លោកបន្តថា “ជាក់ស្តែងគំរោងJ Tower ដែលមានបន្ទប់គេង២ និងបីបន្ទប់គេង និងPen House តម្លៃមិនបានស្រុតចុះនោះទេ ដោយសារមិនមានការប្រកួតប្រជែងច្រើន”។
លោកញឹម រាសីបានបន្តទៀតថា ការជួលផ្ទះភាគច្រើន មាននៅក្នុងបុរីធំៗដួចជា បុរីប៉េង ហួត និងផ្ទះដែលអាចប្រកបអាជីវកម្មបាន ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ន សម្រាប់អ្នកធ្វើការភាគច្រើនគាត់នៅខុនដូ តែក្រុមគ្រួសារដែលមានសមាជិកច្រើន ពួកគេជ្រើសរើសជួលនៅតាមបុរីផងដែរ។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការទិញខុនដូទុកសំរាប់ជួលក្នុងកាលៈទេសៈបែបនេះ មានភាពល្អប្រសើរណាស់ដោយសារអ្នកទិញទទួលបានតម្លៃល្អ និងអត្រាជួលទទួលបានតម្លៃខ្ពស់។
លោកបន្តថា “ជនបរទេសមួយចំនួន ពួកគេកំពុងមើលគំរោងមួយចំនួន ដើម្បីទិញ៥០ទៅ១០០យូនីត ឬ១អាគារ ដើម្បីរៀបចំជាសណ្ឋាគារឬខុនដូថែល”។ លោកបន្តថា “អត្រាចំណេញពីការវិនិយោគខុនដូសម្រាប់ជួល មានអត្រាចន្លោះពី៦ទៅ១២ភាគរយក្នុងមួយឆ្នាំ”៕