ដោយ: គង់ លាងហួរ
ហាណូយ: លោក Nguyen Huu Duong ម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៥ ស្រោបមាសឈ្មោះ Dolce Hanoi Golden Lake Hotel បានបញ្ជាក់ពីការលក់សណ្ឋាគារនេះ ជាមួយនឹងសារព័ត៌មានក្នុងស្រុក។
ដោយចែករំលែកហេតុផល ក្នុងការលក់អចលនទ្រព្យនេះ លោក Nguyen Huu Duong បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមានការខ្វះខាត ចំពោះថវិកាសម្រាប់សំណងបុគ្គលិក និងសងការប្រាក់។
លោក Duong បានបញ្ជាក់ប្រាប់សារពត៌មានcafef.vn ថា បច្ចុប្បន្ននេះ មានអ្នកវិនិយោគដែលចាប់អារម្មណ៍ ប្រហែល១០នាក់កំពុងចរចាលើតម្លៃ ជាមួយនឹងតម្លៃដាក់លក់ ចាប់ផ្តើម២៥០លានដុល្លារអាមេរិក ប៉ុន្តែលោករំពឹងថា តម្លៃសណ្ឋាគារនេះនឹងខ្ពស់ជាងនេះ ដោយសារតម្លៃពាណិជ្ជកម្ម ដែលរកចំណេញរបស់សណ្ឋាគារ។
Dolce by Wyndham Hanoi Golden Lake គឺជាសណ្ឋាគារដែលស្រោបមាស ដំបូងគេនៅទីក្រុងហាណូយ។ សណ្ឋាគារនេះត្រូវបានសម្ពោធ នៅខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងការវិនិយោគចំនួន១០០លានដុល្លារ។
ស្ទើរតែគ្រប់ការរចនាផ្នែកខាងក្រៅ និងគ្រឿងសង្ហារិមខាងក្នុងរបស់សណ្ឋាគារ ត្រូវបានគ្របដណ្ដប់ដោយមាស 24k។ សណ្ឋាគារនេះមានកំពស់២៤ជាន់ និង៣៦០បន្ទប់ ដែលមានតម្លៃស្នាក់នៅរហូតដល់១.០០០ដុល្លារអាមេរិកនៅក្នុងមួយយប់។
លោក Duong គឺជាប្រធានក្រុមហ៊ុន Hoa Binh Group ដែលជាអ្នកផ្តល់សេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍កំពូលមួយផងដែរ។ សណ្ឋាគារល្បីៗមួយចំនួនរបស់ក្រុមហ៊ុននេះ រួមមាន សណ្ឋាគារ Somerset Hoa Binh សណ្ឋាគារ Dolce Hanoi Golden Lake និងសណ្ឋាគារ Danang Golden Bay។
បច្ចុប្បន្នក្រុមហ៊ុន Hoa Binh Group កាន់កាប់ដីជិត៩.០០០ម៉ែត្រការ៉េនៅទីក្រុងហាណូយ ហើយក្រុមហ៊ុនគ្រោងនឹងសាងសង់គម្រោងលំនៅដ្ឋានសង្គម ប៉ុន្តែបន្ទាប់ពីរង់ចាំជិតមួយឆ្នាំ គម្រោងនេះមិនទាន់ត្រូវបានអនុម័ត ដែលធ្វើឲ្យស្ថានភាពរបស់ក្រុមហ៊ុនកាន់តែមានភាពស្មុគស្មាញ៕