តើស្ថានភាពទីផ្សារអចលនទ្រព្យនៅប្រទេសចិនកំពុងវិវឌ្ឍបែបណានៅក្នុងរយៈពេល២ខែដំបូងនេះ?

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ការវិនិយោគអចលនទ្រព្យ នៅប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនយឺតជាងមុន ក្នុងរយៈពេល២ខែដំបូង ឆ្នាំ២០២៣ ដោយបង្ហាញសញ្ញានៃភាពប្រសើរឡើង ដែលត្រូវបានជំរុញដោយគោលនយោបាយគាំទ្រមួយចំនួន ទោះបីជាអ្នកទិញ និងអ្នកអភិវឌ្ឍន៍នៅតែមានការប្រុងប្រយ័ត្នយ៉ាងណាក្តី។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានឱ្យដឹងថា ការវិនិយោគលើអចលនទ្រព្យ បានធ្លាក់ចុះ៥,៧ភាគរយ នៅក្នុងខែមករាដល់ខែកុម្ភៈ បន្ទាប់ពីបានធ្លាក់ចុះរហូត ដល់១២,២ភាគរយនៅក្នុងខែធ្នូ និងយឺតជាងការធ្លាក់ចុះ១០ភាគរយ ដែលបានចុះបញ្ជីសម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

នៅដើមកិច្ចប្រជុំប្រចាំឆ្នាំ នៃសភារបស់ប្រទេសចិនកាលពីសប្តាហ៍មុន រដ្ឋាភិបាលចិនបានធ្វើការ ដើម្បីការពារហានិភ័យចំពោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗ ដែលជាអាទិភាពចម្បងមួយ ក្នុងអាទិភាពជាច្រើនផ្សេងទៀត នៅក្នុងរបាយការណ៍ការងារសម្រាប់ឆ្នាំ២០២៣នេះ។

លោក Yan Yuejin អ្នកវិភាគនៅស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ E-house China ក្នុងទីក្រុងសៀងហៃ បានអះអាងថា “តួលេខនេះគឺជាការចាប់ផ្តើមដ៏ល្អមួយ សម្រាប់ការងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យក្នុងឆ្នាំ២០២៣នេះ និងបង្កើនទំនុកចិត្តបន្ថែមទៀតផងដែរ”។ លោកបានបន្តថា “តួលេខនៃការលក់អចលនទ្រព្យ ត្រូវបានគេរំពឹងថា នឹងប្រែក្លាយពីអវិជ្ជមានទៅជាវិជ្ជមាន នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ ដែលជាសញ្ញាដ៏ធំបំផុត ដើម្បីបង្ហាញថាទីផ្សារអចលនទ្រព្យកំពុងងើបឡើងវិញ”។

ការលក់ផ្ទះគិតជាផ្ទៃក្រឡា បានធ្លាក់ចុះ៣,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលពីរខែដំបូង ឆ្នាំ២០២៣ ធៀបនឹងការធ្លាក់ចុះរហូតដល់២៤,៣ភាគរយ នៅឆ្នាំ២០២២ ដោយសារគ្រួសារជាច្រើននៅតែមិនទាន់ អាចសម្រេចចិត្តលើការទិញផ្ទះ។

ចំណែក ការចាប់ផ្តើមសាងសង់ថ្មី ដែលវាស់វែងដោយផ្ទៃក្រឡាបានធ្លាក់ចុះ៩,៤ភាគរយ នៅក្នុងខែមករាដល់ខែកុម្ភៈធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ៤៤ភាគរយនៅក្នុងខែធ្នូ និងធ្លាក់ចុះ៣៩ភាគរយសម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ស្ថានភាពសម្រាប់ការទទួលបានមូលនិធិ របស់អ្នកអភិវឌ្ឍន៍ក៏មានភាពប្រសើរឡើងផងដែរ។

មូលនិធិដែលប្រមូលបាន ដោយអ្នកអភិវឌ្ឍន៍បានធ្លាក់ចុះ១៥ភាគរយ ក្នុងរយៈពេលពីរខែដំបូង បើធៀបនឹងការធ្លាក់ចុះរហូតទៅដល់២៦ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាលពីខែមករាកន្លងទៅ តម្លៃផ្ទះថ្មីបានកើនឡើងជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ ដែលត្រូវបានជំរុញពីការគាំទ្រ យ៉ាងខ្លាំងក្លារបស់ក្រុមអ្នកបង្កើតគោលនយោបាយ និងការបោះបង់ចោលគោលនយោបាយសូន្យកូវីដ កាលពីដំណាច់ឆ្នាំ២០២២។

លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានបានមានប្រសាសន៍នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាថា “លោកមានទំនុកចិត្តថា ទីផ្សារអចលនទ្រព្យចិន នឹងមានស្ថិរភាព និងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៣”៕

LEAVE A REPLY

Please enter your comment!
Please enter your name here