ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនជីព ម៉ុងគ្រុបបាននិងកំពុងពង្រីកឧត្តមភាព និងកិត្យានុភាពរបស់ខ្លួនតាមរយៈការសាងសង់អាគារកប់ពពកថ្មីមួយ ក្រោមទុនវិនិយោគ១៥០លានដុល្លារអាមេរិក។
មជ្ឈមណ្ឌលពាណិជ្ជកម្មពហុមុខងារនេះ មានកំពស់៤៥ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ក្បែរស្ពានអាកាសតិចណូ។ វាជាគំរោងវិនិយោគរួមរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសណ្ឋាគារដ៏ល្បីរបស់អាមេរិក។
មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ រួមមានបញ្ចូល ទាំងសណ្ឋាគារលំដាប់ផ្កាយ៣ Fairfield by Marriott Phnom Penh ការិយាល័យ ផ្សារទំនើប រោងភាពយន្តនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៊ិន (Royal Field Development Company Limited) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជីប ម៉ុង គ្រុប ជាមួយក្រុមហ៊ុន Marriott ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៊ិនលោកឧកញ៉ាលាង ឃុនបានឲ្យដឹងថា ការចាប់ដៃគូជាមួយក្រុមហ៊ុនសណ្ឋាគារលំដាប់អន្តរជាតិ គឺជាចរន្តមួយដែលកើតមានឡើងស្របតាមភាពរីកចម្រើនរបស់វិស័យសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា។
លោកបន្តថា “ការសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិ និងសណ្ឋាគារFairfield នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញសេចក្តីត្រូវការផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយ ស៊ីវលីនបានស្វាគមន៍គំរោងវិនិយោគដ៏ធំនេះ ដោយលោកស្រីបញ្ជាក់ថា វាបង្ហាញពីការរីកចម្រើនក្នុងវិស័យនេះ ហើយវត្តមានក្រុមហ៊ុនធំៗចូលមកកាន់ទីផ្សារកម្ពុជា ជាសញ្ញាល្អមួយសំរាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកើនឡើងជាប្រចាំ។
លោកស្រីបន្តថា “ទីផ្សារសណ្ឋាគារកាន់តែមានភាពប្រកួតប្រជែង ដែលជាចំណុចល្អប្រសើរ ព្រោះការប្រកួតប្រជែងមានន័យថាវិស័យនេះកំពុងរីកចម្រើន ហើយអ្នកទទួលបានផលប្រយោជន៍គឺអតិថិជន”៕