ដោយវុត្ថា
ភ្នំពេញ: ជាខ័ណ្ឌមួយមានសក្តានុពល ក្នុងចំណោមខ័ណ្ឌស្ថិតនៅកណ្តាលក្រុងទាំង៤ ទួលគោកបាននិងកំពុងមានការវិនិយោគលើអាគារសហកម្មសិទ្ឋ ឬខុនដូកាន់តែច្រើន ដោយសារទីផ្សារនៅតំបន់នេះចាប់ផ្តើមហុចសក្តានុពលពីមួយឆ្នាំទៅមួយឆ្នាំ។
អគ្គនាយកក្រុមហ៊ុអចលនទ្រព្យអន្តរជាតិERA លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ មករាកន្លងមកថា ខ័ណ្ឌទួលគោកមិនទាន់មានគម្រោងអភិវឌ្ឍន៍ខុនដូច្រើនប៉ុន្មានទេនៅក្នុងតំបន់នេះ ដែលជាកត្តាធ្វើឲ្យតំបន់នេះមានសក្តានុពលក្នុងការវិនិយោគ ជាពិសេសតំបន់នេះ វាចាប់ផ្តើមមានការរីចម្រើនទៅលើសហគមន៍ធំៗដូចជា គម្រោង Phnom Penh Center និង One Park ជាដើមទៅអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។
លោកបន្តថា “ប្រជាពលរដ្ឋខ្មែរ មិនសូវមានការចាប់អារម្មណ៍ចំពោះខុនដូរនាពេលបច្ចុប្បន្ននេះ តែសម្រាប់ជនបរទេសគឺបានគេចាប់អារម្មណ៍ តែនៅពេលអនាគតប្រាកដណាស់ប្រជាពលរដ្ឋខ្មែរនឹងចាប់អារម្មណ៍”។ លោកបន្តថា “ការរស់នៅខុនដូរមានទាំងកន្លែងញាំម្ហូបអាហារ មជ្ឈមណ្ឌលកំសាន្តកុមារ កន្លែងលេងកីឡាហាត់ប្រាណលើគោក និងអាងហែលទឹកជាដើម”។
លោកគង្គាបានបន្តថា នៅពេលមានគម្រោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មច្រើននៅក្នុងតំបន់ទួលគោកនេះ កាន់តែច្រើនបែបនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋមករស់នៅ និងធ្វើពាណិជ្ជកម្មផ្សេងៗក្នុងដំបន់នេះកាន់តែច្រើន ហើយដីក៏មានតម្លៃថ្លៃផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានឲ្យដឹងដែរថា សម្រាប់ទីផ្សារខុនដូនៅក្នុងតំបន់ទួលគោក កំពុងតែចាប់ផ្តើមតែមិនទាន់ជាផុលផុស ដូចតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញនោះទេ ព្រោះប្រជាពលរដ្ឋខ្មែរមិនទាន់ពេញពេញនិយមចំពោះការរស់នៅក្នុងខុនដូ តែក្នុងរយៈពេលប្រហែលជា៥ទៅ ៧ ឆ្នាំទៀត ប្រជាពលរដ្ឋខ្មែរនឹងងាកមករស់នៅក្នុងខុនដូ ហើយទីផ្សារនៅក្នុងតំបន់នេះ នឹងមានការកើនឡើងខ្លាំង។
លោកបន្តថា តាមលោកសង្កេតឃើញបច្ចុប្បន្ន មានគំរោងខុនដូប្រមាណ២០កំពុងសាងសង់នៅតំបន់នេះ ហើយតម្លៃខុនដូបើគិតជាម៉ែត្រការ៉េ គឺមានតម្លៃចន្លោះពី១៨០០ដល់៣០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។
អ្នកនាងអាន សុធីតា នាយិកាក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងផងដែរថា តំបន់ទួលគោក ជាតំបន់មានសក្តានុពល និងរីកចម្រើនខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយនៅមិនឆ្ងាយពីកណ្តាលភ្នំពេញនោះទេ មានទាំងហេដ្ឋារចនាសម្ព័ន្ធល្អ តម្លៃដីក៏នៅមានតម្លៃសមរម្យ និងជាកន្លែងចាប់អារម្មណ៍របស់អ្នកវិនិយោគនានាទៀតផង។
អ្នកនាងបន្តថា “តំបន់នេះ ព្រោះវាមានសក្តានុពលអភវិឌ្ឍន៍លើវិស័យខុនដូ ហើយមិនយូមិនឆាប់តំបន់នេះ និងរីកដុះដាលខ្លាំងលើវិស័យនេះ ដែលអាចប្រកួតប្រជែងជាមួយតំបន់ផ្សេងទៀតបាន”៕