តើផែនការមេនៃការរៀបចំខ្សែច្រវ៉ាក់ទេសចរណ៍តាមដងទន្លេមេគង្គ និងទន្លេសាបនឹងចាប់ផ្តើមនៅពេលណា?

0

ដោយៈជេស៊ីកា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បាននិងកំពុងរៀបចំផែនការមេ ដើម្បីរៀបចំខ្សែច្រវ៉ាក់ទេសចរណ៍ តាមដងទន្លេមេគង្គ និងទន្លេ​សាបនាពេលអនាគត ដើម្បីជម្រុញវិស័យទេសចរណ៍ ពីសក្តានុពលដែលមិនទាន់ប្រើប្រាស់ អស់សក្តានុពលនៅតំបន់នេះនៅឡើយ។

គំរោងរៀបចំខ្សែ​ច្រវ៉ាក់ទេសចរណ៍នេះ នឹងត្រូវរៀបចំឡើងដោ​យប្រើប្រាស់កាណូត និងកប៉ាល់ធំៗ ដើម្បីដឹកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិញាំអាហារ គយគន់ថ្លៃលិច គយគន់ជីវភាពប្រជាពលរដ្ឋ​រស់នៅតាមដងទន្លេ ដែលពោរពេញដោយភាពរសរវើកនេះ។ នេះជាផ្នែកមួយ នៃគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីជម្រុញនិងទាក់ទាញទេស​ចរណ៍ទស្សនា នៅតាមដងទន្លេដ៏ស្រស់ស្អាតនេះ។

យោងតាមប្រភពមន្រ្តីរដ្ឋាភិបាល ដែលបាននិយាយក្នុង​លក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ប៉ុន្តែអាចទុកចិត្តបានបង្ហើបឲ្យដឹង កាលពីសប្តាហ៍មុនថា គំរោងនេះ ជាគំរោងនៃអនាគត ដែលមិនអាចរៀបចំឡើងភ្លាមៗបាននៅឡើយទេ ប៉ុន្តែផែនការនេះនឹងគ្របដណ្តប់លើបណ្តាស្រុក និងក្រុងមួយចំនួនដួចជា ស្រុកខ្សាច់កណ្តាល ទីក្រុងអរិយក្សត្រ ស្រុកកងមាស ខេត្តកំពង់ចាម និងស្រុកស្រីសន្ឋរជាដើម។

អគ្គនាយកក្រុមហ៊ុនCentury21 Cambodia និងជាអតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានបង្ហើបឲ្យដឹងកាលពីចុងសប្តាហ៍មុនថា តាមអ្វីដែលលោកបានដឹងគឺផែ​នការនេះ នឹងរៀបចំនាពេលខាងមុខ ប៉ុន្តែពេលវេលាលំអិតជាក់លាក់ លោកមិនអាចបញ្ជាក់បាននៅឡើយទេ។

លោកបន្តថា “បច្ចុប្បន្នឧកញ៉ាធំៗ និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បាននិងកំពុងប្រមូលទិញដី នៅតំបន់ខាងលើច្រើន”។ លោកបន្តថា “បើសួររកម្ចាស់ដីនៅតំបន់នោះ គឺឃើញតែឈ្មោះអ្នកឧកញ៉ា លោកឧកញ៉ាធំៗ និងមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។

លោកច្រឹក សុខនីមបានបន្តថា ប្រសិនជាធ្វើដំណើរតភ្ជាប់ពីរាជធានីភ្នំពេញតាមផ្លូវទឹក ដោយប្រើប្រាស់អូរប័រ គឺការធ្វើដំណើរមិនលើសរយៈពេល២០ទៅ៣០នាទីឡើយ សម្រាប់គោលដៅស្រុកដែលបានលើកឡើងខាងលើនេះ។

ផែ​នការនេះ ហាក់មានភាពបន្ស៊ីគ្នា ​នឹងផែនការរបស់រដ្ឋាភិ​បាល ក្នុងការកសាងទីក្រុងអរិយក្សត្រ ការសាងសង់ស្ពានមិត្តភាព កម្ពុជា កូរ៉េភ្នំពេញ អរិយក្សត្រ និងផែនការកសាងផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ែកខាងកើត ដែលក្រុមហ៊ុនCRBCបានសិក្សា និងរកឃើញការចំណាយតម្លៃប្រមាណ២៤០លានដុល្លារអាមេរិក ដែលគំរោងនេះនឹងមានការសាងសង់ស្ពានសំខាន់ៗចំនួន៣បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here