អភិបាលខេត្តកំពង់ស្ពឺៈ ក្រុមហ៊ុនចិនចំនួន១០នឹងមកវិនិយោគ នៅខេត្តកំពង់ស្ពឺ

0

        ដោយៈ គង់ សូរិយា

        កំពង់ស្ពឺៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានប្រកាសនៅលើបណ្ដាញសង្គមបានឲ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនយ៉ាងតិចចំនួន១០ នឹងចូលមកប្រកបអាជីវកម្មនៅក្នុងខេត្ដរបស់ខ្លួន និងត្រូវការកម្លាំងពលកម្ម ដើម្បីដំណើរការសង្វាក់ផលិតកម្មជិត១ម៉ឺននាក់។

យោងតាមខ្លឹមសារដែល លោកបានបង្ហោះនៅលើគណនីហ្វេសប៊ុកកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ លោកវ៉ី សំណាងបានសរសេរថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ប្រតិភូខេត្តកំពង់ស្ពឺ អញ្ជើញទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើន រួមទាំងបានជួបប្រជុំដើម្បីបង្ហាញពីសក្តានុពលខេត្ត មានក្រុមហ៊ុនយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺ ឆាប់ៗនេះ រួមទាំងមានតម្រូវការកម្លាំងពលកម្មយ៉ាងហោចណាស់ ១០,០០០នាក់។

លោកសរសេរបន្ដថា ក្រៅពីការប្រកបអាជីវកម្មរោងចក្រ ដែលមានសកម្មភាពសេដ្ឋកិច្ច ផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបគ្រប់ប្រភេទហើយនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត មានបំណងវិនិយោគលើការសាងសង់ និងអចលនទ្រព្យផងដែរ។

បច្ចុប្បន្នកំពង់ស្ពឺ បានក្លាយជាខេត្ដដែលទាក់ទាញខ្លាំង សម្រាប់ការវិនិយោគពីក្រុមហ៊ុនតូចធំ ទាំងនៅក្នុងស្រុក និងក្រៅស្រុក។

ជាក់ស្ដែងគិតត្រឹមដើមឆ្នាំ២០២៣ នេះ ខេត្ដកំពង់ស្ពឺមានរោងចក្រសហគ្រាសជិត៤០០កន្លែង បាននិងកំពុងដំណើរ និងបានបង្កើតឱកាសការងារជូនពលរដ្ឋចំនួនជាង១៤ម៉ឺនកន្លែងផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺកាលពីពេលថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here