ដោយៈ សុខុម
ប៉េកាំងៈ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា បានព្រមព្រៀងបើកខ្សែសង្វាក់ រោងចក្រដំឡើងយន្តហោះថ្មី នៅក្នុងប្រទេសចិន ដោយបង្កើនសមត្ថភាពដំឡើងរបស់ខ្លួនទ្វេរដង នៅក្នុងប្រទេសចិន ដែលជាទីផ្សារអាកាសចរណ៍ធំទី២ របស់ពិភពលោក។
ការប្រកាសនេះធ្វើឡើង នៅពេលក្រុមហ៊ុននេះ ទទួលបានភ្លើងខៀវពីរដ្ឋាភិបាលក្រុងប៉េកាំង ឱ្យបន្តដំឡើងយន្តហោះចំនួន១៦០គ្រឿងដែលត្រូវបានបញ្ជាទិញកាលពីមុន។
នាយកប្រតិបត្តិក្រុមហ៊ុនខ្នាតយក្សនេះ លោក Guillaume Faury បានចុះកិច្ចព្រមព្រៀងនេះ នៅចំពោះមុខក្រុមអ្នកសារព័ត៌មានអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង ទៅកាន់ទីក្រុងប៉េកាំង។
ក្រុមហ៊ុន Airbus កាលពីឆ្នាំមុនរាយការណ៍ថា ខ្លួនបានលក់យន្តហោះចំនួន២៩២គ្រឿង ទៅឱ្យប្រទេសចិន ដែលកិច្ចព្រមព្រៀងទិញយន្តហោះពាណិជ្ជកម្ម ត្រូវតែមានការយល់ព្រមពីរដ្ឋាភិបាល ក្រុងប៉េកាំង មុននឹងអាចប្រគល់យន្តហោះបាន។
ប្រភពក្នុងឧស្សាហកម្មទម្លាយឱ្យដឹងថា ក្រុមហ៊ុន Airbus កំពុងបន្តចរចាជុំវិញ ការបញ្ជាទិញយន្តហោះថ្មីៗ អំឡុងដំណើរទស្សនកិច្ចររបស់លោកអេម៉ានូអ៊ែល ម៉ាក្រុង ប៉ុន្តែគេមិនរំពឹងថានឹងការប្រកាសលទ្ធផលភ្លាមៗនោះទេ។
ប្រទេសចិន ធ្លាប់បែងចែកកិច្ចព្រមព្រៀង ទិញយន្តហោះជាពីររវាងក្រុមហ៊ុនអឺរ៉ុប Airbus និងក្រុមហ៊ុនអាមេរិក Boeing ប៉ុន្តែកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ផលិតយន្តហោះអាមេរិក បានធ្លាក់ចុះចំពេលមានភាពតានតឹង កើនឡើងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ក្រុមហ៊ុន Airbus បាននិងកំពុងដំឡើងយន្តហោះធុន A320 នៅទីក្រុងកំពង់ផែធានជីន (Tianjin) នៃប្រទេសចិន ភាគខាងជើង ចាប់តាំងពីឆ្នាំ២០០៨។
យោងតាមកិច្ចព្រមព្រៀងឧស្សាហកម្មពីមុន ដែលបានប្រកាសក្នុងឆ្នាំ២០១៨ បង្ហាញថា ក្រុមហ៊ុន Airbus ដំឡើងយន្តហោះបាន៦គ្រឿងក្នុង១ខែ ហើយខ្សែសង្វាក់រោងចក្រដំឡើងថ្មីនេះ នឹងធ្វើឱ្យក្រុមហ៊ុននេះអាចដំឡើងបានទ្វេដង ពោលគឺ១២គ្រឿងក្នុង១ខែ៕ Reuters៕