ដោយៈ គង់ សូរិយា
សៀមរាបៈ ជាថ្មីម្តងទៀត កម្ពុជាបានធ្វើរឿងដ៏រំភើប ដោយបានបត់ក្រដាសរូបនេះដូង ច្រើនជាងគេលើពិភពលោក និងបានកត់ត្រាចូលក្នុងបញ្ជីរGuinness World Records នៅថ្ងៃទី១១ មេសានេះ។
តំណាងរបស់ស្ថាប័នGuinness World Records បានមកដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។
សហភាពសហព័ន្ឋយុវជនកម្ពុជា ក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ានីបានសរសេរពាកន្យស្លោកដ៏មានអត្ថន័យ “ជឿថាខ្មែរធ្វើបាន” ភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា។
លោកហ៊ុន ម៉ានីបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីល្ងាចថ្ងៃទី១១ មេសាថា “ជយោ! ព្រះរាជាណាចក្រកម្ពុជា 🇰🇭 ជាម្ចាស់ឯតទគ្គកម្មពិភពលោក “បេះដូងក្រដាសច្រើនជាងគេ” ដោយសម្រេចបាន បេះដូង៣.៩១៧.៨០៥ (បីលានប្រាំបួនសែនមួយម៉ឺនប្រាំពីរពាន់ប្រាំបីរយប្រាំ)។
លោកបញ្ជាក់ថា “ការសម្រេចបានកំណត់ត្រា ពិភពលោកនេះ ច្បាស់ណាស់ គឺបានកើតចេញពីការខិតខំប្រឹងប្រឺង របស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្ត នៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិ តាមរយៈការបត់បេះដូងជាតំណាង”។
លោកបន្តថា “ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការបំបែក ឯកទគ្គកម្មពិភពលោកនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ដែលបានរួមគ្នាមូលមីចូលរួមបត់បេះដូង រហូតសម្រេចចំនួនដ៏ច្រើនមហិមានាថ្ងៃនេះ”។ លោកបន្ថែមថា “សូមអរគុណដោយស្មោះចេញពីក្រអៅបេះដូង”។
លោកបន្តថា “នេះជាភាសាបេះដូងរបស់យើង ទាំងអស់គ្នាសម្រាប់កម្ពុជា”៕