ការសិក្សាថ្មីៈខុនដូចំនួន៣៩០០យូនីតបានបញ្ចប់ការសាងសង់នៅត្រីមាសទី១ឆ្នាំនេះ

0

        ដោយៈ គង់ សួរិយា

        ភ្នំពេញៈ គំរោងខុន​ដូ​ចំនួន​៥ ស្មើ​នឹងប្រមាណ៣៩០០ យូ​នី​ត បានប្រកាស​បញ្ចប់​ការសាងសង់ ​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០២៣ ដែល​ធ្វើឱ្យ​ចំនួន​បន្ទប់​ខុន​ដូ ​នៅក្នុង​រាជធានី​ភ្នំ​ពេញ គិត​ត្រឹម​ចុងខែ​មីនា កន្លងទៅ​កើន​ដល់​ប្រមាណ៤៨,៦០០យូ​នី​ត។

ការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងពេលដំណាលគ្នានេះ ខុនដូចំនួន២គំរោង​បានប្រកាស​បើក​លក់​។

ការស្រាវជ្រាវ​របស់ក្រុមហ៊ុនCBRE Cambodiaបានឱ្យដឹងទៀតថា ការបើក​ដំណើរ​ការ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​ របស់​ប្រ​ទេសនា​នា​លើ​ពិភពលោក ​បន្ទាប់ពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ធូរស្រាល បានធ្វើឱ្យ​សកម្មភាព​នៃ​ការសាងសង់​ថ្មី និង​ការបញ្ចប់​គម្រោ​ង​ចាស់ៗ ​មានដំណើរ​ទៅមុខ​ល្អប្រសើរ​នា​ដើម​ឆ្នាំនេះ​។ ទោះយ៉ាងណា​ សម្រាប់​ចលនា​ទិញ​លក់​អចលនទ្រព្យ គឺ​នៅតែ​បន្ត​ភាពស្ងប់ស្ងាត់​ដដែល​។​

ក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងផងដែរថា បើគិតចន្លោះពី​ខែ​មករា ​-​ខែមីនា ឆ្នាំ​ ២០២៣ ក្នុង​រាជធានី​ភ្នំពេញ មាន​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​៥ បានបញ្ចប់​ការសាងសង់ និង​បើក​ឱ្យ​អតិថិជន​ចូល​ស្នាក់នៅ។ ក្នុងចំណោមគម្រោង​ទាំងនោះ​ មានគំរោងចំនួន២ ជា​ប្រភេទ​តម្លៃ​មធ្យម ​(Mid Range) និង៣​គម្រោង​ទៀត ជា​ប្រភេទ​តម្លៃ​សមរម្យ​ (Affordable)​។​

ចំណែក​គម្រោង២ ដែល​ប្រកាស​ចាប់ផ្តើម​លក់ រួមមានJ Tower 3 និង​គម្រោង Morgan Champs elysees (Phase 1)​។ គម្រោង​ទាំង ២ មាន​បន្ទប់​ស្នាក់នៅ​សរុប​ជាង១៣០០​យូ​នី​ត​។​

យោងតាម CBRE Cambodia សម្រាប់​តម្លៃ​លក់​ក្នុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២៣ គឺស្ថិតក្នុងតម្លៃ​ប្រហាក់ប្រហែល​ត្រីមាស​ទី៤ ឆ្នាំ​ ២០២២ ដោយ​បន្ទប់​ខុន​ដូ​ប្រ​ណី​ត ​(High-End) មានតម្លៃ​លក់​ជា​មធ្យម២៦០៩ ​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ តម្លៃ​នៅ​ដដែល​ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ​២០២២។

ខុន​ដូ​តម្លៃ​មធ្យម ​(Mid-Range) ២ ០០១ ​ដុល្លារ ថយចុះ ០,៤​ ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ ​(Affordable)១៣៧១​ដុល្លារ​ធ្លាក់​ចុះ ០,១​ភាគរយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here