៣ខែដំបូងដើមឆ្នាំនេះ កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវ អាកាសរហូតដល់១,២៦លាននាក់

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានចេញផ្សាយថា ប្រទេសកម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសចំនួន១,២៦លាននាក់ នៅក្នុងត្រីមាសទី១ កើនឡើង៥៤៩ភាគរយ ពីអ្នកដំណើរត្រឹមតែ១៩៥.០០០នាក់ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍នេះបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងក្នុងស្រុក បានដំណើរការជើងហោះហើរ ក្នុងចំនួន១២.០៩១ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិចំនួន៣របស់កម្ពុជា ក្នុងអំឡុងខែមករាដល់ខែមីនា កើនឡើង១៩៩ភាគរយ ពីជើងហោះហើរចំនួន៤.០៤៣ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ​នុរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល និងជាអ្នកនាំពាក្យលោកស៊ិន ចាន់សេរីវុត្ថា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងទាក់ទាញអ្នកដំណើរតាមផ្លូវអាកាស ប្រមាណ៤,៦លាននាក់នៅឆ្នាំនេះ ដែលរំពឹងថា នឹងមានការកើនឡើងយ៉ាងខ្លាំងពី២,៣៨លាននាក់កាលពីឆ្នាំមុន។

លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “សម្រាប់ឆ្នាំនេះ យើងព្យាករណ៍ថា ចំនួនអ្នកដំណើរតាមផ្លូវអាកាស នឹងកើនឡើងទ្វេរដង ដោយសារការបើកដំណើរការឡើងវិញ របស់ប្រទេសចិន”។

លោកបានបន្ថែមថា “ការបង្កើនប្រសិទ្ធភាពរបស់ប្រទេសចិននៃយុទ្ធសាស្រ្តប្រឆាំងកូវីដ និងការបន្តដំណើរទេសចរណ៍ ជាក្រុមនៅក្រៅប្រទេសរបស់ខ្លួនកាលពីដើមឆ្នាំនេះ បានបញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍”។

យោងតាមអ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា វិស័យអាកាសចរណ៍ បានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលចំនួន១,៧លានកន្លែង និងបានរួមចំណែកជិត១៧ភាគរយ ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here