ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលមិនបានបញ្ឈប់ការអភិវឌ្ឍរបស់ខ្លួននោះទេ ផ្ទុយទៅវិញមានតែចំណាយថវិកាបន្ថែមសម្រាប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនិងទីក្រុងដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ជាក់ស្ដែងក្នុងគ្រានៃវិបត្តិកូវីដ១៩ ឆ្នាំ២០២០ និងឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ៦០០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងចំនួនពីរនៅកម្ពុជា នោះគឺក្រុងសៀមរាប និងក្រុងព្រះសីហនុ ។
ថ្លែងនៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព ស្ថិតនៅក្នុងបរិវេណ នៃមន្ទីរពេទ្យកុមារជាតិនៅព្រឹកថ្ងៃទី២០ មេសា ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលដ៏លំបាកក្នុងវិបត្តិកូវីដ១៩ គឺនៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ យើងបានវិនិយោគទៅកាន់ខេត្តព្រះសីហនុ អស់ប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវនៅខេត្តព្រះសីហនុ ។ ក្រៅពីនេះ យើងក៏បានវិនិយោគទៅកាន់ខេត្តសៀមរាប អស់ប្រមាណ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវជាច្រើនខ្សែដូចគ្នា។ មិនតែប៉ុណ្ណោះ យើងក៏បានវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ជាក់ស្ដែងអគារសម្ភពក្នុងមន្ទីរពេទ្យកុមារជាតិជាដើម ។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា “យើងហ៊ានដាក់ទុនវិនិយោគធំបែបនេះ ដោយសារតែយើងបានខិតខំ ដើម្បីងើបឈរឡើងក្នុងការដោះស្រាយបញ្ហាប្រទេសជាតិរបស់យើង ជាមួយនឹងការដោះស្រាយកូវីដ វិស័យសុខាភិបាលក៏មានការរីកចម្រើន នៅក្នុងពេលនោះដែរ”។
គម្រោងដែលរាជរដ្ឋាភិបាល បានចំណាយលើក្រុងពីរនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ បានសាងសង់រួចរាល់ ហើយមកដល់ពេលនេះ វាបានផ្ដល់អត្ថប្រយោជន៍ជាបន្តបន្ទាប់ហើយ ដោយក្រុងព្រះសីហនុកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនទៅសម្រាកកម្សាន្ត ស្របនឹងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានដាក់ដំណើរការផង ។
ក្រុងសៀមរាបឯណោះវិញក៏ឃើញថា មានផ្លូវខ្វាត់ខ្វែងច្រើនជាងមុន ងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ ទៅកាន់ទឹកដីនៃខេត្តសៀមរាប។ ជាមួយគ្នានេះដែរ ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ក៏នឹងត្រូវដាក់ដំណើរនៅពេលឆាប់ៗនេះផងដែរ ។
យោងតាមប្រសាសន៍របស់ សម្ដេចតេជោនាពេលកន្លងមកថា ព្រលានយន្តហោះអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាបនឹងត្រូវដាក់ដំណើរការយ៉ាងយូរត្រឹមខែតុលា ឆ្នាំ ២០២៣ខាងមុខ ហើយព្រលានយន្តហោះអន្តរជាតិនេះដែរ នឹងអាចទទួលយន្តហោះខ្នាតធំចុះចតបានផងដែរ៕