យានជំនិះ២,៥៣លានគ្រឿងធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក្នុងរយៈពេល២០០ថ្ងៃ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: តំណាងប្រតិបត្តិករផ្លូវល្បឿនលឿនមួយរូបបានឱ្យដឹងថា យានយន្តប្រមាណ២,៥៣លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល២០០ថ្ងៃ ចាប់តាំងពីការបើកដាក់ឱ្យប្រើប្រាស់ ជាសាធារណៈកាលពីខែតុលាឆ្នាំមុន។

លោក Zhou Yong ជំនួយការអ្នកគ្រប់គ្រងទូទៅ នៃសាជីវកម្ម China Road and Bridge Corporation (CRBC) និងជាអ្នកគ្រប់គ្រងទូទៅនៃការិយាល័យ CRBC Cambodia ដែលជាប្រតិបត្តិករផ្លូវល្បឿនលឿនបានអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានសម្រេចគោលដៅប្រតិបត្តិការបៃតង សុវត្ថិភាព ប្រសិទ្ធភាព និងគ្មានគ្រោះថ្នាក់ ក្នុងរយៈពេល២០០ថ្ងៃកន្លងមកនេះ។

លោកបានប្រាប់សារពត៌មាន Xinhua ថា “ចាប់តាំងពីការបើកផ្លូវល្បឿនលឿននេះ លំហូរចរាចរណ៍កកកុញ មានប្រហែល២,៥៣លានគ្រឿង ហើយលំហូរចរាចរណ៍ប្រចាំថ្ងៃជាមធ្យម ចាប់តាំងពីដើមឆ្នាំ២០២៣នេះមក មានរថយន្តជាង១៣.០០០គ្រឿង”។

លោក Zhou បាន​បន្ថែម​ថា​ “អត្ថប្រយោជន៍​សង្គម​នៃ​ផ្លូវ​ល្បឿន​លឿន​មានភាពលេចធ្លោជាបណ្តើរៗ ហើយ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​ស្វាគមន៍​យ៉ាង​កក់ក្ដៅ”។

ជាមួយនឹងទុនវិនិយោគ ចំនួន២ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុនCRBC ផ្លូវល្បឿនលឿនប្រវែង១៨៧គីឡូម៉ែត្រនេះ តភ្ជាប់រាជធានីភ្នំពេញ ជាមួយកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ នៃខេត្តព្រះសីហនុ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសា សន៍ថា ផ្លូវល្បឿនលឿន គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ហើយថា វាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជា។

 

លោកផៃ ស៊ីផាន បានប្រាប់សារពត៌មាន Xinhua ថា “ផ្លូវល្បឿនលឿននេះ មិនត្រឹមតែជួយសន្សំសំចៃប្រេង និងពេលវេលាសម្រាប់អ្នកធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការសម្រួលដល់ការដឹកជញ្ជូន និងទេសចរណ៍ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here