ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន១៥០គម្រោង ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការគ្រប់ជ្រុងជ្រោយស្ដីពី ការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ឆ្នាំ២០២២-២០៣០ ត្រូវការទំហំទឹកប្រាក់វិនិយោគ ប្រមាណ៣០ពាន់លានដុល្លារអាមេរិក នឹងត្រូវអនុវត្តន៍ក្នុងរតៈពេល១០ឆ្នាំខាងមុខ ។
នេះបើតាមលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកវេទិកាវិស័យដឹកជញ្ជូន និងភស្តុភារកម្មឆ្នាំ២០២៣ នៅថ្ងៃទី២០ មេសា ២០២៣។
លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅតែជាយុទ្ធសាស្ត្រចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈនេះយើងកំពុងស្ថិតនៅក្នុងដំណើរការនៃការបញ្ចប់ ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០២៣។
លោកបន្តថា គម្រោងសិក្សាសមិទ្ធិលទ្ធផល ត្រូវបានអនុវត្តជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការតភ្ជាប់ ដើម្បីឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្ដែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្ដាលឆ្នាំ ២០២៣។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាបកំពុងសិក្សា គម្រោងផ្លូវរថភ្លើង ភ្នំពេញ ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញ ឱ្យក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ ហើយបច្ចុប្បន្ននេះ មានគម្រោងផ្លូវថ្នល់ជាច្រើន បាននិងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លង ទៅជាបួនគន្លង ពីផ្លូវក្រាលកៅស៊ូពីរស្រទាប់ស្ដើង ទៅជាផ្លូវបេតុងកៅស៊ូ AC ។
លោកក៏បានលើកឡើង ពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម ទន្លេបាសាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ក៏ដូចជាការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ ក្នុងក្រុងព្រះសីហនុ ទាំងជំហានទី១ និងទី២ ក៏ដូចជាកិច្ចព្រមព្រៀងសេវា ទីប្រឹក្សាហិរញ្ញវត្ថុជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងការសិក្សាសមិទ្ធិលទ្ធផល គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ ជាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មលើកទី ២ដែលបានអនុវត្ត បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មរាជធានីភ្នំពេញ៕