ក្រុមហ៊ុនដ៏ធំរបស់ចិននឹងសិក្សាវិនិយោគលើយានដ្ឋានជួលជុលយន្តហោះនៅខេត្តសៀមរាប

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្នុងជំនួបលោក Captain Song Zhiyong ប្រធានរដ្ឋបាលអាកាសចរស៊ីវិលចិន គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានស្នើក្រុមហ៊ុនចិនដ៏ធំនេះ ពិនិត្យលទ្ឋភាពសាងសង់យានដ្ឋានជួសជុលយន្តហោះ នៅខេត្តសៀមរាប។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លោកម៉ៅ ហាវណ្ណាល់ និងប្រតិភូ បានអញ្ជើញចុះទស្សនកិច្ចសិក្សា និងស្វែងយល់អំពីក្រុមហ៊ុន AMECO (Aircraft Maintenance and Engineering Cooperation) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជួបពិភា​ក្សាជាមួយលោក NI Jiliang ជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គលេខធិការបក្សប្រចាំក្រុមហ៊ុនAMECO និងសហការីក្រុមហ៊ុន AMECO ហើយបានចែករំលែក និងស្វែងយល់លើដំណើរការ និងប្រតិបត្តិការអាជីវកម្ម លើការងារថែទាំជួសជុលអាកាសយាន និងវិស្វកម្មអាកាសយាន។

ក្រុមហ៊ុន AMECO (Aircraft Maintenance and Engineering Cooperation) គឺជាក្រុមហ៊ុនដ៏ធំ និងល្បីល្បាញមួយក្នុងវិស័យអាកាសចរស៊ីវិល មានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយមានជំនាញ និងផ្តល់ជូនសេវាកម្មសំបូរបែប លើការជួសជុសថែទាំអាកាសយាន និងវិស្វកម្មអាកា​សយាន។

លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកា​សចរណ៍ស៊ីវិល បានបញ្ជាក់ថា នៅក្នុងឱកាសជំនួបសំដែងការគួរសម និងស្វែងយល់ដំណើរអាជីវកម្មនោះផងដែរ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានលើកសំណើនិងអញ្ជើញក្រុមហ៊ុន AMECO (Aircraft Maintenance and Engineering Cooperation) ពិចារណា និងធ្វើការសិក្សាលទ្ធភាព នៃការវិនិយោគ និងបង្កើតរោងជាងជួសជុលថែរទាំ អាកាសយាននៅកម្ពុជា ជាពិសេ​សនៅក្នុងមូលដ្ឋាន អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មី ដែលនឹងចាប់ផ្តើមបើកដំណើរការ ក្នុងពេលឆាប់ៗនេះ។

លោករដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល់ ក៏បានបញ្ជាក់ផងដែរថា វត្តមានរោងជាងជួសជុលថែទាំ និងវិស្វកម្មអាកាសយាន កម្រិតខ្នាតអន្តរជាតិ ដែលមានការទទួលស្គាល់ ជាសកលនៅក្នុងកម្ពុជា អាចនាំឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជាពិសេសនឹងជួយជម្រុញឱ្យវិស័យអាកាសចរស៊ីវិលកម្ពុជា មានការរីកលូតលាស់ និងរីកចម្រើនមួយកម្រិតថែមទៀត និងអាចឈានដល់កម្រិត ប្រកួតប្រជែងជាមួយបណ្តាប្រទេស ក្នុងតំបន់ផងដែរ នៅក្រោមម្លប់សុខសន្តិភាព ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាការឆ្លើយតបសំណូមពររបស់លោករដ្ឋមន្ត្រី ក្រុមហ៊ុននឹងបញ្ជូ​នក្រុមបច្ចេកទេស ទៅសិក្សាលទ្ធភាពនៃការបង្កើតរោងជាងជួសជុល និងថែទាំអាកាសយាន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) នៅពេលវេលាសមស្របណាមួយផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here