ក្រុមអ្នកជំនាញលើកឡើងអ្វីខ្លះពីស្ថានភាពទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ?

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: អ្នកជំនាញ​ប្រឹក្សា​ និង​ជាអ្នក​វិភាគ​ផ្នែក​អចលន​ទ្រព្យឈានមុខគេ នៅកម្ពុជា​មួយរូបបានអះអាងថា ទីក្រុង​ព្រះសីហនុ​កំពុង​បង្ហាញ​សញ្ញា ​នៃ​ការ​វិល​ត្រឡប់​ទៅ​រក​ផែនទី​បង្ហាញ​ផ្លូវ នៃការ​ងើបឡើង​វិញរបស់វិស័យអចលនទ្រព្យ។

លោក Tom O’ Sullivan នាយកប្រតិបត្តិ និងជានាយកក្រុមហ៊ុន realestate.com.kh បានថ្លែងនៅក្រៅសន្និសីទសារព័ត៌មានដែលធ្វើឡើងដោយ B2B Cambodia នៅពេលលោកបានបញ្ចេញមតិអំពីទីផ្សារ អចលនទ្រព្យនៅខេត្តព្រះសីហនុ។

លោកបានកត់សម្គាល់ថា “កត្តាជាច្រើនកំពុងរួមចំណែកដល់ការរស់ឡើងវិញ របស់វិស័យអចលនទ្រព្យ ដែលក្នុងនោះផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាកត្តាដ៏សំខាន់បំផុត”។  លោកបន្តថា “កត្តាផ្សេងទៀតរួមមាន កំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ឆ្នេរ និងកោះដ៏ស្រស់ស្អាត ហើយខេត្តព្រះសីហនុ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ច្រក​ទ្វារ​ដ៏​សំខាន់ ​សម្រាប់​ប្រទេស​កម្ពុជា​ និង​តំបន់​កាន់​តែ​ទូលំ​ទូលាយផងដែរ”។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាល​បាន​និង​កំពុង​ប្រឹងប្រែង​ដោះស្រា​យ​បញ្ហា​គម្រោង​វិនិយោគ​ ដែល​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង ​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​ ទាំង​ក្នុង​ និង​ក្រៅប្រទេស​។

ទីក្រុងនេះគឺជាមជ្ឈមណ្ឌលវិនិយោគ មុនផ្ទុះឡើងនៃវិបត្តិកូវីដ-១៩ ដោយសារមានគម្រោងជាច្រើន គ្របដណ្តប់លើសណ្ឋាគារ អគារពាណិជ្ជកម្ម មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និងកាស៊ីណូដែលរីកដុះដាលយ៉ាងឆាប់រហ័ស។

ទោះជាយ៉ាងណាក្តី ការផ្លាស់ប្តូរច្បាប់ល្បែងអនឡាញ និងការរីករាលដាលនៃជំងឺរាតត្បាត បានធ្វើឱ្យម៉ាស៊ីនរីកចម្រើនរបស់ទីក្រុងនេះមានការថយចុះ។

លោក Tom O’Sullivan បានសង្កត់ធ្ងន់ថា “លោកមិនបានអះអាងពីការរីកចំរើន នៃអចលនទ្រព្យ នៅក្នុងក្រុងព្រះសីហនុនោះទេ ប៉ុន្តែមានសញ្ញាបង្ហាញថា ទីក្រុងនេះនឹងប្រែទៅជាអ្វីដែលខ្លួនចង់ក្លាយជា និងជាមជ្ឈមណ្ឌលដ៏រស់រវើក សម្រាប់បំពេញតម្រូវការរបស់មនុស្សគ្រប់គ្នា ដូចជាសកម្មភាពសម្រាប់ក្រុមគ្រួសារ ភ្ញៀវទេសចរ សកម្មភាពកម្សាន្ត និងវិនិយោគិនបរទេស”។

ថ្លែង​មតិ​លើ​ទីផ្សារ​អចលនទ្រព្យ​ ក្នុង​រាជធានី​ភ្នំពេញ លោក Tom បញ្ជាក់​ថា “បច្ចុប្បន្ន​នេះ​ វាគឺជា​ទីផ្សារ​របស់អ្នក​ទិញ។ វិនិយោ​គិនបរទេស ផ្តោតសំខាន់លើតំបន់លំដាប់ទី១ ដូចជា ខណ្ឌចំការមន ជាពិសេសសង្កាត់បឹងកេងកង១ និងសង្កាត់ទន្លេបាសាក់ ដើម្បីកាត់បន្ថយហានិភ័យ ក្នុងបរិយាកាសវិនិយោគនាពេលបច្ចុប្បន្ន”។

លោកបន្តថា “តំបន់ជ្រោយចង្វារ ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ ដោយសារព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ ការបញ្ចប់ការសាងសង់ស្ពានថ្មី និងការប្រកាសអំពីការតភ្ជាប់បន្ថែមទៀតទៅកាន់តំបន់នេះ”។  លើស​ពី​នេះទៀត គម្រោង​ជាច្រើនដែល​ត​ភ្ជាប់​ទៅ​កាន់កោះ​ពេជ្រ ក៏​កំពុង​ទាក់ទាញ​ចំណាប់​អារម្ម​ណ៍​ផង​ដែរ បន្ទាប់​ពី​ការ​បញ្ចប់សាងសង់​ស្ពាន​ថ្មី​មួយ។

ទោះបីជាមានបញ្ហាប្រឈម ដោយសារបរិយាកាសវិនិយោគបច្ចុប្បន្នក៏ដោយ លោក Tom បានកត់សម្គាល់ថា តួលេខកំណើនសេដ្ឋកិច្ចជាប់លាប់របស់កម្ពុជា បានពង្រឹងជំហររបស់ខ្លួនជាគោលដៅដ៏គួរឱ្យទាក់ទាញ សម្រាប់លំហូរវិនិយោគអចលនទ្រព្យពីបរទេស។

លោក Tom បានចង្អុលបង្ហាញថា “ទីផ្សារបុរី និងខុនដូ កំពុងជួបប្រទះនឹងការផ្គត់ផ្គង់លើសពីតម្រូវការ”។

លោកបញ្ជាក់ថា“ឥឡូវនេះ អ្នកទិញត្រូវបានជូនដំណឹងកាន់តែច្រើន និងធ្វើការស្រាវជ្រាវបានហ្មត់ចត់។ អាស្រ័យហេតុនេះ អ្នកអភិវឌ្ឍន៍ដែលកំណត់តម្លៃអចលនទ្រព្យរបស់ពួកគេដោយយុត្តិធម៌ផ្អែកលើទីតាំង និងគុណភាពរបស់ពួកគេ ទំនងជាអាចទទួលបានអត្រាលក់ខ្ពស់សមរម្យ”។

លោក Tom បានមានប្រសាសន៍បន្ថែមទៀតថា“នៅពេលដែលយើងនិយាយ អំពីការវិនិយោគលើវិស័យអចលនទ្រព្យ  ប្រទេសចិនគឺពិតជាប្រភពវិនិយោគិន បរទេសលេខ១របស់កម្ពុជា ប៉ុន្តែអ្នកវិនិយោគមកពីបណ្តាប្រទេសផ្សេងទៀត ក៏ដើរតួយ៉ាងសំខាន់ផងដែរ”។

ជាមួយគ្នានេះ លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ខេត្តព្រះសីហនុចាប់ផ្តើមបង្ហាញសញ្ញាប្រសើរ លើការវិនិយោគខុនដូ និងអចលនទ្រព្យដទៃទៀត ដោយសារការមកដល់របស់ភ្ញៀវ ទេសចរណ៍ក្នុងស្រុក អន្តរជាតិ ដែលធ្វើឲ្យតម្រូវការស្នាក់នៅកើនឡើងខ្ពស់។

លោកបន្តថា “ការរីកចម្រើននៅក្រុងព្រះសីហនុ ចាប់ផ្តើមមានសញ្ញាវិជ្ជមាន បន្ទាប់ពីការបើកដំណើរការផ្លូវល្បឿនលឿន និងហេដ្ឋា​រចនាសម្ព័ន្ឋដទៃទៀត”។

អ្នកតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច និងអចលនទ្រព្យ លោក យិន លាងគង់ អគ្គនាយកគេហទំព័រ Propertyarea.asia បានថ្លែងថា កត្តាហេដ្ឋារចនាសម្ព័ន្ឋ ត្រូវបានទាំងអស់គ្នាមើលឃើញច្បាស់ពីផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដែលទទួលបានពីការវិនិយោគ​របស់រដ្ឋាភិបាល ប៉ុន្តែគោលនយោបាយ និងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា ចិន បាននិងកំពុងហុចផលប្រយោជន៍ដល់ទី​ក្រុងជាប់មាត់សមុទ្រនេះ។

លោកបន្តថា “ជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេសដ៏ធំ នៅក្រុងព្រះសីហនុ បានក្លាយជាឧទាហរណ៍មួយដ៏សំខាន់ នៃគំរោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលកំពុងផ្តល់ផលប្រយោជន៍ដល់កម្ពុជា”៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here