សុខុម
ភ្នំពេញ: លោក ថងលូន ស៊ីស៊ូលីត ប្រធានាធិបតីឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ហើយលោកក៏នឹងអញ្ជើញចូលរួមពិធីបើកព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃអង្គារ ទី០២ ខែឧសភា នេះឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ថងលូន ស៊ីស៊ូលីត នឹងធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាក្រកម្ពុជា ព្រះករុណាព្រះបាទ ព្រះនរោត្តម សីហមុនី។
សេចក្តីថ្លែងការណ៍នេះលើកឡើងថា ដំណើរទស្សនកិច្ចនេះ “នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនប្រទេសទាំងពីរ”។
លោក ថងលូន ស៊ីស៊ូលីត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នរោត្ដម សីហមុនី នៅព្រះបរមរាជវាំង ហើយក៏នឹងទទួលការចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
ក្រៅពីនេះ ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបរតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមជាមួយនឹងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។
យោងតាមសេចក្តីថ្លែងការណ៍ដដែលឱ្យដឹងថា លោក ថងលូន ស៊ីស៊ូលីត នឹងអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា។
កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល៦៤ឆ្នាំ ចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា៕ Xinhua៕