ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានចុះកិច្ចព្រមព្រៀងសហការជាមួយវិទ្យាស្ថាន CCID Blockchain Research Institute នៃប្រទេសចិន ដើម្បីពង្រីកមូលដ្ឋាននៃការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ និងទេសចរណ៍។
ពិធីនេះមានការចូលរួមពីលោកអភិបាលរងខេត្តឈីង តាវលោក Liu Jianjun លោកឃាង ពុទ្ឋីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាជាដើម។
លោក ឃាង ពុទ្ឋី បានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីពិធីចុះហត្ថលេខាជាមួយលោកCai Quan Ji នាយកវិទ្យាស្ថាន CCID (Qingdao ) Blockchain Research Institute នាព្រឹកថ្ងៃទី២៣ មករានេះថា ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលដៅធ្វើការផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹង ការស្រាវជ្រាវ និងធ្វើទំនើបកម្មក្នុងវិស័យអចលនទ្រព្យ តាមរយៈរបកគំហើញថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា។
លោកបន្តថា “បច្ចេកវិទ្យាបាននិងកំពុងដើរតួនាទី កាន់តែមានសារៈសំខាន់ក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា និងពិភពលោក ប៉ុន្តែធនធានបច្ចេកវិទ្យារបស់យើងនៅមានកម្រិតនៅឡើយ បើធៀបជាមួយបណ្តាប្រទេសរីកចម្រើននានា។លោកបន្តថា “យើងរីករាយក្នុងការសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យនេះប្រកបដោយទំនុកចិត្ត និងជំរុញការអភិវឌ្ឍវិស័យនេះ ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។
ជាមួយគ្នានេះអភិបាលរងខេត្តឈីវតាវ លោក Liu Jianjun ក៏បានចុះកិច្ចព្រមព្រៀងសហការជាមួយក្រសួងទេសចរណ៍ ដែលតំណាងដោយលោកសូ វិសុទ្ឋីអនុរដ្ឋលេ
ខាធិការក្រសួងទេសចរណ៍ ដើម្បីជំរុញការតភ្ជាប់និងលើកកំពស់វិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តឈីង តាវប្រទេចិនផងដែរ។
លោក Liu Jianjun បានសម្តែងក្តីសប្បាយរីករាយ និងបានមានប្រសាសន៍ថា ប្រមុខរដ្ឋាភិបាលកម្ពុជា ចិនបានធ្វើឲ្យទំនាក់ទំនងចិន និងកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង ហេតុនេះទើបមានកំនើននៃការវិនិយោគក្នុងវិស័យជាច្រើននៅកម្ពុជា ពិសេសវិស័យអចលនទ្រព្យ និងទេសចរណ៍ ដោយកំនើនទេសចរណ៍ចិនបានកើនឡើងជាបន្តបន្ទាប់។លោកបន្តថា តាមរយៈការសហការនេះ អាជ្ញាធរខេត្តឈីង តាវនឹងចូលរួមផ្សព្វផ្សាយពីសក្តានុពល និងព៌តមានល្អពីកម្ពុជា ដើម្បីជំរុញឲ្យភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជាបានកាន់តែច្រើនថែមទៀត៕