ដោយ: គង់ លាងហួរ
តូក្យូ: រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមមេដឹកនាំហិរញ្ញវត្ថុនៃក្រុមសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) គ្រោងនឹងពិភាក្សាគ្នាក្នុងសប្តាហ៍នេះ អំពីវិធីក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
លោក Suzuki ដែលនឹងក្លាយជាប្រធានការជួបជុំរបស់ក្រុមមេដឹកនាំហិរញ្ញវត្ថុ G7 ដែលនឹងប្រារព្ធធ្វើនៅទីក្រុង Niigataចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍បានថ្លែងថា “បរិយាកាសជុំវិញហិរញ្ញវត្ថុបានផ្លាស់ប្តូរយ៉ាងខ្លាំងជាមួយ នឹងការលេចចេញនៃប្រព័ន្ធផ្សព្វផ្សាយសង្គមនិងសេវាធនាគារអុីនធឺណិត”។លោកបានមានប្រសាសន៍ថា “ការឆ្លើយតបទៅនឹងការផ្លាស់ប្តូរបែបនេះបានក្លាយទៅជាបញ្ហាប្រឈមធម្មតាសម្រាប់ប្រទេសនានាជុំវិញពិភពលោក រួមទាំងប្រទេសជប៉ុនផងដែរ ខណៈប្រធានបទនេះនឹងស្ថិតក្នុងចំណោមបញ្ហាជាច្រើនដែលត្រូវលើកមកពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំ G7 នៅសប្តាហ៍នេះ”។
ការដួលរលំនៃធនាគារ First Republic Bank នាពេលថ្មីៗនេះបានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភកាន់តែខ្លាំងអំពីវិស័យធនាគាររបស់សហរដ្ឋអាមេរិក ហើយបានលើកឡើងការអំពាវនាវឱ្យមានការត្រួតពិនិត្យជាសកលកាន់តែប្រសើរឡើង ដោយក្រុមនិយតករចំពោះហានិភ័យថ្មីៗដូចជាការសម្រុកដកប្រាក់បញ្ញើចេញពីធនាគារក្នុងពេលតែមួយជាដើម។
យោងតាមប្រភពចំនួន២របស់រដ្ឋាភិបាលដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះបានឱ្យដឹងថា ប្រទេសជប៉ុនគ្រោងចេញសេចក្តីថ្លែងការណ៍រួម G7 បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមមេដឹកនាំហិរញ្ញវត្ថុ ដែលអាចសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់អាជ្ញាធរនានាក្នុងការរក្សាការប្រុងប្រយ័ត្នចំពោះបញ្ហានៅក្នុងវិស័យធនាគារ។
កាសែត Nikkei បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុមមេដឹកនាំហិរញ្ញវត្ថុ G7 នឹងពិភាក្សាអំពីការបង្កើតផែនការសង្គ្រោះបន្ទាន់ផ្ទាល់ខ្លួន ក្នុងករណីដែលពួកគេប្រឈមមុខនឹងការសម្រុកដកប្រាក់ចេញពីធនាគារក្នុងពេលតែមួយពីសំណាក់អតិថិជន(Digital bank runs)៕