ដោយ: គង់ លាងហួរ
អន្តរជាតិ: សន្ទស្សន៍តម្លៃដីនៅទីក្រុងបាងកក បានកើនឡើងក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ ជាមួយនឹងកំណើនពីរខ្ទង់(double-digit increas) និងជំរុញដោយការកើនឡើង នៃតម្លៃដីនៅតាមតំបន់ជាយក្រុង។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ថា “ការកើនឡើងនៃតម្លៃដីនៅជាយក្រុងបាងកក គឺមានអត្រាខ្ពស់ជាងទីតាំងនៅក្នុងកណ្តាលទីក្រុង”។ REIC បានរាយការណ៍ថា សន្ទស្សន៍តម្លៃដីទំនេរ នៅទីក្រុងបាងកក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ កើនឡើង១៣,១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងកើនឡើង១,១% ធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។លោកបានមានប្រសាសន៍ថា “ទីតាំងកំពូលទាំងប្រាំ ដែលធានានូវការកើនឡើងខ្ពស់បំផុត ពីមួយឆ្នាំទៅមួយឆ្នាំ នៃសន្ទស្សន៍តម្លៃដីទំនេរទាំងអស់ គឺស្ថិតនៅក្រៅទីក្រុងបាងកក ដែលអត្រាកំណើនមានចន្លោះពី២៥,៧% ទៅដល់៦៨,២%”។
លោក Vichai បានបន្តថា “ហេតុផលសំខាន់ នៃការកើនឡើងនៃតម្លៃដីនៅទីតាំងទាំងនោះ បណ្តាលមកពីតម្លៃមូលដ្ឋានទាប ដោយសារដីមានតម្លៃសមរម្យ តំបន់ទាំងនេះមានភាពស័ក្តិសម សម្រាប់ការអភិវឌ្ឍន៍ផ្ទះតូចៗក្នុងតម្លៃសមរម្យ និងឆ្លើយតបនឹងតម្រូវការដ៏ធំ”។
ការវិនិយោគលើការអភិវឌ្ឍន៍អចលនទ្រព្យ តាមបណ្តោយខ្សែរថភ្លើងធំៗដែលមានស្រាប់ និងអនាគតក៏បានរួមចំណែក ដល់ការកើនឡើងនៃតម្លៃដីធ្លី នៅក្នុងតំបន់ទាំងនោះផងដែរ។
ការកើនឡើងខ្ពស់បំផុតពីមួយឆ្នាំ ទៅមួយឆ្នាំនៃសន្ទស្សន៍តម្លៃដីទំនេរក្នុងចំណោមទីតាំងទាំងអស់ ដែលនៅជិតបណ្តាញដឹកជញ្ជូនសាធារណៈនាពេលបច្ចុប្បន្ន និងអនាគតគឺនៅតំបន់ក្បែរខ្សែរថភ្លើងពណ៌ស្វាយ ដែលរត់ពីទីក្រុង Bang Yai ក្នុងខេត្ត Nonthaburi ទៅកាន់ទីក្រុង Tao Poon។
ការកើនឡើងខ្ពស់បំផុតលំដាប់ទី២ នៃសន្ទស្សន៍តម្លៃដី គឺស្ថិតនៅក្នុងតំបន់ ដែលនៅជិតខ្សែរថភ្លើងពណ៌បៃតង ដែលរត់ពីទីក្រុង Ku Kot ទៅទីក្រុង Lam Luk Ka នាពេលអនាគត ជាមួយនឹងការកើនឡើងក្នុងអត្រា៩,២% រហូតដល់៣៣៩,៨៕