ដោយៈ សុខុម
សឹង្ហបុរី: រដ្ឋាភិបាលសិង្ហបុរី កាលពីចុងខែមេសា បានប្រកាសដំឡើងពន្ធប្រថាប់ត្រា បន្ថែមលើអ្នកទិញ (ABSD) ទ្វេដងឈានរហូតដល់៦០%សម្រាប់ជនបរទេស ដែលទិញអចលនទ្រព្យនៅទីនេះ ហើយនេះ ជាវិធានការជុំចុងក្រោយ ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យស្ងប់រម្ងាប់ និងមានស្ថិរភាព។
ទោះជាយ៉ាងណា បណ្ដាជនបរទេសដែលជាអតិថិជនរបស់ភ្នាក់ងារអចលនទ្រព្យ Aric Lim បានបង្ហាញក្ដីបារម្ភថា ការដំឡើងពន្ធប្រថាប់ត្រានេះ ប្រហែលមិនមែន ជាការដំឡើងផ្ដាច់ព្រ័ត្រឡើយ ដែលមានន័យថា អាចនឹងមានការដំឡើងបន្ថែមទៀត នៅថ្ងៃអនាគត។
លោក Aric Lim ដែលបម្រើការងារ នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Huttons Asia លើកឡើងថា “អតិថិជនសួរថា ‘តើការដំឡើងពន្ធប្រថាប់ត្រា៦០% ជាការដំឡើងលើកចុងក្រោយបង្អស់? គ្មានអ្នកណាដឹងទេ មែនទេ?’។
លោក Aric Lim បានប្រាប់លោក Steven Chia ដែលមកពីសារព័ត៌មាន CNA ក្នុងកម្មវិធី Podcast មួយដែលមានឈ្មោះ Heart of the Matter ថា ការដំឡើងពន្ធប្រថាប់ត្រា បន្ថែមលើអ្នកទិញ (ABSD) ទ្វេដងពី៣០%រហូតដល់៦០% សម្រាប់អ្នកទិញជាជនបរទេស ជាដំបូងប្រហែលជាអាចបង្អាក់ អ្នកដែលចង់មកតាំងលំនៅក្នុងប្រទេសសិង្ហបុរី។ ប៉ុន្តែមិនយូរទេ ពួកគេនឹងបន្តទិញដដែល។
ក្នុងចំណោមការឡើងជុំថ្មី ដែលត្រូវបានប្រកាសកាលពីយប់ថ្ងៃពុធ ទី២៦ ខែមេសា ការដំឡើងពន្ធប្រថាប់ត្រាបន្ថែម លើអ្នកទិញ (ABSD) នេះគឺជាការកើនឡើងខ្ពស់បំផុត។
លោកបន្តថា “នេះគឺជាវិធានការជុំទី៣ ហើយដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យស្ងប់រម្ងាប់ និងមានស្ថិរភាព ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ មក”។
យោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បង្ហាញថា ចំនួនអ្នកទិញជាជនបរទេស បានកើនឡើងដល់៦,៩%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ បើធៀបនឹង៣,១%ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមួយថ្ងៃ បន្ទាប់ពីការប្រកាសនេះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ លោក Desmond Lee បានពន្យល់ថា ការដំឡើងពន្ធប្រថាប់ត្រា បន្ថែមលើអ្នកទិញ (ABSD) គឺជា “វិធានការបង្ការទុកជាមុន” ដើម្បីកាត់បន្ថយតម្រូវការវិនិយោគ របស់ពលរដ្ឋក្នុងស្រុក និងជនបរទេស ខណៈចំណាប់អារម្មណ៍ លើទីផ្សារលំនៅដ្ឋាននេះនៅតែបន្តកើនឡើង។
លោកបន្ថែមថា “ចំណាប់អារម្មណ៍របស់ជនបរទេស លើអចលនទ្រព្យ លំនៅដ្ឋានក្នុងប្រទេសសិង្ហបុរី បន្តកើនឡើងខ្លាំង”។ លោកបន្តថា “ដូច្នេះប្រសិនបើយើងមិនចាត់វិធានការ ទប់ស្កាត់ជាមុនទេ យើងអាចមើលឃើញចំនួន វិនិយោគទាំងក្នុងស្រុក និងដោយជនបរទេសកើនឡើង ហើយវានឹងបន្ថែមភាពតានតឹង ដល់ពលរដ្ឋសិង្ហបុរី ដែលកំពុងស្វែងរកទិញអចលនទ្រព្យ លំនៅដ្ឋានសម្រាប់រស់នៅជាចម្បង”។
*បើអចលនទ្រព្យនៅសិង្ហបុរី ចេះតែឡើងថ្លៃកប់ពពកបែបនេះ ហេតុអ្វីជនបរទេស ដែលមានស្ដុកស្ដម្ភនៅតែបន្តទិញ?
ឆ្លើយតបនឹងសំណួរនេះ លោក Aric Lim បានលើកឡើងថា “ខ្ញុំឃើញមានរំហូរជនបរទេសយ៉ាងច្រើន ជាពិសេសដោយសារតែសិង្ហបុរី ជាកន្លែងជ្រកកោន ដ៏មានសុវត្ថិភាពសម្រាប់ពួកគេនាំគ្រួសារ និងកូនៗរបស់ពួកគេមកទីនេះ ដើម្បីស្វែងរកការសិក្សា។ ហើយបន្ទាប់មក ពួកគេចង់ចាក់ឫសបោះមូលដ្ឋាននៅទីនេះ ព្រោះតែនៅទីនេះមានបរិយាកាសសុខស្រួល សម្រាប់ពួកគេរស់នៅ និងមានសុវត្ថិភាពខ្លាំង។ នៅពេលប្រៀបធៀបប្រទេស ទាំងអស់នៅអាស៊ី ខ្ញុំគិតថា សិង្ហបុរី ជាប់នៅកំពូលតារាង”៕ CNA៕