ដោយៈគង់ សូរិយា
ភ្នំពេញៈ ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូង នៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។
ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខកខានជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរ ពីគ្រប់ទិសទីថារៀបចំព្រឹត្តិការណ៍នេះ បានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវស្មារតីកីឡាអូរឡាំពិក។
លោកថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹងពេលវេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺកូវីដ១៩។
លោកបញ្ជាក់ថា “បើទោះបីជាជួបការលំបាក ពីវិបត្តិជំងឺកូវីដ១៩នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ ការប្រកួតប្រឹងប្រែងរួមគ្នា ជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាចរៀបចំការប្រកួតស៊ីហ្គេម តាមការគ្រោងទុក”។
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ រៀបចំការប្រកួតស៊ីហ្គេម លោកថោង ខុន បានគូសរំលេចថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាពលេចធ្លោរជាច្រើន រួមមាន ការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះអគ្គិជ័យកីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូកីឡាជាដើម។
លោកបានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូ កីឡាមកពីគ្រប់ប្រទេសទាំងអស់ ទាំងចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។
លោកថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការ ចាប់អារម្មណ៍ខ្ពស់ពីបណ្តាញផ្សព្វផ្សាយ ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជា កាន់តែច្រើនទៅកាន់ឆាកអន្តរជាតិ។
លោកថោង ខុន ក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជា ទទួល បានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់។
ក្នុងនាមជាអ្នកប្រតិបត្តិមួយរូប លើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ លោក ថោង ខុន បានបង្ហាញក្តីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង៕