ដោយៈ សុខុម
វៀងចន្ទន៍: រថភ្លើងដឹកទំនិញដំបូងពីក្រុងឆុងឈីង (Chongqing) នាភាគនិរតីនៃប្រទេសចិន បានទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនលើផ្លូវដែកថ្មីមួយ ដើម្បីកាត់បន្ថយថ្លៃដើម និងពេលធ្វើដំណើរពីប្រទេសចិន មកកាន់បណ្ដាប្រទេសជាសមាសមាជិកអាស៊ាន។
សារព័ត៌មាន Laotian Times បានចុះផ្សាយកាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ដោយដកស្រង់ប្រភពពីកាសែត China Daily ថា រថភ្លើងដឹកទំនិញដំបូងនេះ បានទៅដល់ទីក្រុងPadang Besar ប្រទេសម៉ាឡេស៊ី ក្រោយធ្វើដំណើររយៈពេលត្រឹមតែ១៣ថ្ងៃ ពីប្រទេសចិន ដែលផ្ទុកពេញទៅដោយផលិតផលឧស្សាហកម្ម។
មុនពេលបើកដំណើរការផ្លូវដែកនេះ រថភ្លើងដឹកទំនិញត្រូវការពេលវេលារហូតដល់ទៅ២៥ថ្ងៃ សម្រាប់ការដឹកជញ្ជូន ដោយសារទំនិញនាំចេញ ត្រូវបញ្ជូនទៅកាន់ទីក្រុងសៀងហៃ ជាមុនសិនពីតំបន់ផ្សេងទៀតតាមដងទន្លេ Yangtze ក្នុងប្រទេសចិន មុនពេលទៅដល់រដ្ឋប៉េណាង (Penang) ប្រទេសម៉ាឡេស៊ី ដែលត្រូវដឹកជញ្ជូនតាមផ្លូវសមុទ្រ។របៀងពាណិជ្ជកម្មផ្លូវគោក -ផ្លូវសមុទ្រអន្តរជាតិ (ILSTC) ដែលជាគំនិតផ្តួចផ្តើម ផ្នែកដឹកជញ្ជូនអន្តរជាតិដ៏សំខាន់ ដែលរៀបចំដោយប្រទេសចិន និងដែលមានការចូលរួមពីដៃគូពាណិជ្ជកម្ម មកពីប្រមាណ៩០ បានកាត់បន្ថយពាក់កណ្តាល នូវពេលវេលាដឹកជញ្ជូនពីបណ្ដាខេត្តរបស់ប្រទេសចិន ទៅកាន់ប្រទេសម៉ាឡេស៊ី ព្រមទាំងកាត់បន្ថយថ្លៃដើមទៀតផង។
លោក Gao Chenglin នាយកគ្រប់គ្រងផ្នែកលក់ នៃក្រុមហ៊ុនចិន Yuxin’ou (Chongqing) Logistics Co ដែលជាប្រតិបត្តិករផ្លូវនេះលើកឡើងថា ផ្លូវដែកឡាវ-ចិន គ្របដណ្តប់ផ្នែកខ្លះនៃផ្លូវដែកថ្មីពីទីក្រុង ឆុងឈីង មកកាន់ក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហើយបន្ទាប់មករថភ្លើងធ្វើដំណើរតាមផ្លូវដែកថៃ ឆ្ពោះទៅកាន់ក្រុង Padang Besar នៅភាគខាងជើងនៃប្រទេសម៉ាឡេស៊ី-ថៃ។
កាសែត China Daily បានចុះផ្សាយថា ផ្លូវដែកក្នុងប្រទេសឡាវ បានក្លាយជាផ្លូវដែកដ៏សំខាន់មួយ ដែលតភ្ជាប់រវាងពាណិជ្ជករនៅក្នុងតំបន់ថ្នាក់ខេត្តចំនួន២៥ក្នុងប្រទេសចិន និងអ្នកដែលនៅក្នុងទីផ្សារអាស៊ាន។
យោងតាមលោក Gao Chenglin បានឱ្យដឹងថា រថភ្លើងចិន-វៀតណាម ផ្លូវដែកចិន-ឡាវ-ថៃ និងផ្លូវដែកអន្តរជាតិចិន-មីយ៉ាន់ម៉ា បានក្លាយជាបណ្តាញដ៏ងាយស្រួល សម្រាប់ការដឹកជញ្ជូនពីប្រទេសចិន មកកាន់ទីផ្សារអាស៊ាន និងទៅកាន់អឺរ៉ុប៕ Laotian Times៕