អ្នកជំនាញលើកឡើងពីដំណាំកសិកម្មដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន

0

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. សហការជាមួយ Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព  នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EDF) បានធ្វើពិធីផ្សព្វផ្សាយលើការនាំចេញ​កសផលទៅកាន់ប្រទេសចិន។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងលោកជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិ អភិវឌ្ឍន៍សហគ្រិនភាព ព្រមទាំងសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល សមាគមជាច្រើនរូបទៀត បានដឹកនាំរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី ការនាំចេញកសិផលសក្តានុពល ទៅកាន់ទីផ្សារប្រទេសចិន ដែលមានការចូលរួមពីសំណាក់ តំណាងក្រុមហ៊ុន និងប្រតិបត្តិករកសិផល និងផលិតផលចំណីអាហារចំនួន៦០រូប។លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានសំដែងនូវមតិស្វាគមន៍ដល់អង្គពិធី និងបានគូសបញ្ជាក់ពីជំហរ ក៏ដូចជាការប្តេជ្ញាចិត្តរបស់សមា​គម IDI ក្នុងការចូលរួមចំណែកលើកស្ទួយ ការនាំចេញរបស់កម្ពុជា ជាពិសេស ការនាំចេញផលិតផលចំណីអាហារ និងកសិកម្ម។

លោកបណ្ឌិតបានបន្ថែមថា “សមាគមបាន និងកំពុងធ្វើការជាមួយស្ថាប័នដៃគូក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើតឱកាសនានាដល់កសិករ និងសហគមន៍អ្នកផលិត”។ លោកបន្តថា “បន្ថែមលើសនេះ សមាគម នឹងបង្កើតយន្តការគាំទ្រ លើការងារបច្ចេកទេស បន្ថែមលើការងារស្វែងរកទីផ្សារនាំចេញ”។

ជាមួយគ្នានេះ លោកជា កុកហុង ក៏បានចូលរួមផ្តល់អនុសាសន៍គន្លឹះស្តីពីលទ្ធផលទទួលបាន ពីដំណើរទស្សនកិច្ចសិក្សារបស់ក្រុមការងារមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលដឹកនាំដោយលោក ផ្ទាល់ ទៅសាធារណរដ្ឋប្រជាមានិតចិន កាលពីអំឡុងខែឧសភា។

លោកបានបញ្ជាក់ថា “កសិផលកម្ពុជា  ដូចជាអង្ករ គ្រាប់ស្វាយ​ចន្ទី ម្សៅដំឡូងមី  និងផ្លែស្វាយមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារប្រទេសចិន”។ លោកបន្តថា ដោយឡែក ជាមួយនឹងការបង្កើតយន្តការបង្កើនគុណភាព ការវេចខ្ចប់ ការធ្វើទីផ្សារ និងម៉ាកសញ្ញា ទិន្នផលនាំចេញពីកម្ពុជាទៅចិន អាចកើនឡើងដល់ទំហំជិត២ពាន់លានដុល្លា”។

ក្នុងន័យនេះ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នឹងផ្តល់ការគាំទ្រ ដល់សមាគមIDI ក្នុងការកំណត់កសិផលអាទិភាព និងការបង្កើតផែនការយុទ្ធសាស្រ្តរយៈពេលខ្លី និងមធ្យម ដើម្បីពង្រឹងការនាំចេញផលិតផលទាំងនោះ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍បានបន្តថា សមាគម IDI ក្រោមកិច្ចសហការជាមួយ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នឹងបង្កើនសក​ម្មភាព ក៏ដូចជាផែនការស្វែងរកទីផ្សារបន្ថែមទៀត ប្រយោជន៍ជួយដល់កសិករ និងអ្នកផលិតកម្ពុជា ក្នុងការនាំចេញកសិផល និងផលិ​តផលចំណីអាហារទៅទីផ្សារចិន និងទីផ្សារបរទេសដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here