ដោយៈ តែម សុខុម
បាងកក: ការដំឡើងពន្ធអចលនទ្រព្យ ចុងក្រោយបង្អស់របស់សិង្ហបុរី ដែលពេលនេះក្លាយជាពន្ធខ្ពស់បំផុត ក្នុងចំណោមទីផ្សារពិភពលោក ចាប់ផ្ដើមបញ្ចេញប្រសិទ្ធភាព ធ្វើឱ្យតម្រូវការអចលនទ្រព្យពីសំណាក់ជនបរទេសធ្លាក់ចុះយ៉ាងខ្លាំង។
ជាលទ្ធផល អ្នកទិញជាជនបរទេសបានទិញ អាផាតម៉ិនឯកជនត្រឹម៥៧យូនីតប៉ុណ្ណោះ ក្នុងខែឧសភា ដោយធ្លាក់ចុះ៥០%បើធៀបនឹងខែមេសា។ នេះបើយោងតាមការវិភាគ របស់ទីភ្នាក់ងារអចលនទ្រព្យ Savills Singapore ទៅលើទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)។
កាលពីចុងខែមេសា អាជ្ញាធរសិង្ហបុរី បានដំឡើងពន្ធលើអចលនទ្រព្យទ្វេរដង សម្រាប់ជនបរទេសរហូតដល់៦០% ក្នុងកិច្ចប្រឹងប្រែងដើម្បីទប់កុំឱ្យផ្ទះហក់ឡើងថ្លៃខ្ពស់ពេក។
រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា គោលនយោបាយនេះ ជាចំណាត់ការទប់ស្កាត់ជាមុន ខណៈតម្រូវការទិញអចលនទ្រព្យ លំនៅឋានទុកជាការវិនិយោគ ទំនងជានឹងបន្តកើនឡើង បើគ្មានវិធានការបែបនេះទេនោះ។
ទន្ទឹមនឹងនេះដែរ ភាគហ៊ុនរបស់ក្រុមហ៊ុន City Developments Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដ៏ធំបំផុតមួយរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះប្រមាណ១.២% កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា៕ Bangkok Post៕