[:km]ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងសុរិយោដីខេត្តកណ្តាលថា បច្ចុប្បន្នវិវាទដីធ្លីមានបញ្ហាប្រឈមយ៉ាងច្រើន គឺបានកើតចេញពីការកើនឡើងនៃកំណើនប្រជាជន និងសេដ្ឋកិច្ច ជាពិសេសច្រើនកើតឡើងពីការបញ្ជាក់ប្លង់ដីជាន់គ្នា។
លោកលឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងសុរិយោដីខេត្តកណ្តាល បានលើកឡើងនៅក្នុងពិធីផ្ទេភារកិច្ច និងចូលកាន់តំណែងប្រធានការិយាល័យរៀបចំដែនដី នគរូបនីកម្ម និងសំណង់ស្រុកល្វាឯម ខេត្តកណ្តាលកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩កន្លងមកថា ការងាររដ្ឋបាលដីធ្លី ការរិយាល័យរៀបចំដែនដីស្រុក ត្រូវជម្រុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងតាមការកំណត់ រួមជាមួយការចុះបញ្ជីដីរដ្ឋជារូបវ័ន្ត ដែលជាទិសដៅក្រសួងបានជម្រុញឲ្យមានការចុះបញ្ជីដីវត្ត ជូនគណៈកម្មការវត្តជាអ្នកគ្រប់គ្រង ដូច្នេះសូមឲ្យមេឃុំ ឬប្រធានក្រុមប្រឹក្សាឃុំ ត្រូវយកចិត្តទុកដាក់ការចុះឲ្យបានទាន់ពេលវេលា ដែលកន្លងមកការចុះបញ្ជីដីវត្តនេះ មានការយឺតយ៉ាវ ហើយក៏ត្រូវការចុះបញ្ជីដីតាមទីទួលបុរាណ។ ចំណែកអ្វីដែលត្រូវយកចិត្តទុកដាក់បន្ត អាជ្ញាធរឃុំត្រូវជួយមើលបញ្ហាដីរដ្ឋដែលនៅសេសសល់ ដើម្បីបន្តចុះបញ្ជីបន្ថែមទៅជាកម្មសិទ្ធរបស់រដ្ឋផងដែរ។
លោកបន្តថា ដើម្បីជម្រុញការចុះបញ្ជីឲ្យមានតម្លាភាព ភាពត្រឹមត្រូវ និងយិត្តធម៌ គឺសូមឲ្យមានការចូលរួមជាសកម្ម ពីអាជ្ញាធរមូលដ្ឋាន ឬម្ចាស់ក្បាលដីពីភាគីពាក់ព័ន្ធនានា ព្រោះតាមផែនការមន្ទីរ គឺជម្រុញការចុះបញ្ជីក្នុង១ខែឲ្យបានចំនួន១ពាន់ក្បាលដី ឡើង និងការពន្លឿនកសាងឯកសារ សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន ទៅតាមបរិបថ និងពេលវេលាដែលបានកំណត់។
លោកលឹម ចាន់សូភីបានបន្តថា ខណៈដែលវិស័យអចលទ្រព្យដីធ្លី កំពុងមានតម្លៃកើនឡើង ហេតុនេះដើម្បីរក្សាឲ្យមានចីរភាព និងស្ថិរភាព ក្រសួងបានជម្រុញអនុវត្តន៍តាមផែនការមេធំៗជាច្រើន ក្រៅពីការអនុវត្តន៍ផែនការខាងលើ មន្ទីរនឹងជម្រុញការកសាងប្លង់គោល នៅតាមបណ្តាស្រុកនានា នៅទូទាំងខេត្តឲ្យបានចប់នៅត្រឹមឆ្នាំ២០២០ ដើម្បីចៀសវាងនូវវិបត្តិនៅពេលខាងមុខ នៅលើបញ្ហាដីធ្លី និងវិស័យអចលនទ្រព្យ៕[:]