វិភាគលើបញ្ហាមួយចំនួន ដែលធ្វើឲ្យអ្នកវិនិយោគដីធ្លី ជួបបញ្ហាប្រឈម

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការទិញលក់អចលនទ្រព្យ រាប់ចាប់តាំងពីដីធ្លី លំនៅដ្ឋាន ខុនដូបែបសហកម្មសិទ្ឋ បាននិងកំពុងមានបញ្ហាប្រឈមនៅឡើយ ប៉ុ​ន្តៃមនុស្សជាច្រើនបានរំពឹងថា អ្វីៗនឹងប្រសើរឡើងក្រោយការបោះឆ្នោតបញ្ចប់។

សុទិដ្ឋិនិយមបាននិងកំពុងលេចឡើង ប៉ុន្តែនៅពេលយើងសម្លឹងឲ្យបានស៊ីជម្រៅបន្ថែមទៀត ទីផ្សារ​នេះនៅតែត្រូវការពេលវេលា និងមូលដ្ឋានគាំទ្រជាច្រើន ដើម្បីឲ្យ​វាងើបឡើងវិញ។

ការកើនឡើងនូវវិនិយោគិន

        ការកើនឡើងនូវចំនួន អ្នកវិនិយោគឬវិនិយោគិន បានធ្វើឲ្យចរន្តទីផ្សារមិនពុះកញ្រ្ជោល ដូចមុនវិបត្តិឆ្នាំ២០០៨នោះឡើយ និងមិនដូចមុនវិបត្តិកូវីដ១៩ផងដែរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិ​វឌ្ឍន៍បុរីវិមានសំណាង និងKS Residence បានមានប្រសាសន៍ថា ការវិនិយោគដីធ្លី ទទួលបានផលចំណេញតិចជាងមុន ដោយលោកប្រៀ​បប្រដូចបឹងមួយ មានត្រី១០០០ក្បាល មានអ្នកនេសាទតែ១០នាក់ ប៉ុន្តែបច្ចុប្បន្នចំនួនត្រីនៅដដែល តែចំនួនអ្នកចាប់ត្រីបានកើនឡើងដល់១០០ឬ២០០នាក់។

ការបំប៉ោងទីផ្សារ
ទាំងអ្នកអភិវឌ្ឍន៍ ភ្នាក់ងារអចលនវត្ថុ បានបំប៉ោងទីផ្សារ ដែលធ្វើឲ្យតម្លៃដីកើនឡើង មិនស្របតាមចរន្តនៃការអភិវឌ្ឍពិតប្រាកដ។ ឧទាហរណ៍ តំបន់ជាយរាជធានីភ្នំពេញ ឬតំបន់ឆ្ងាយៗ ពួកអ្នកវិនិយោគ បានលើកឡើងនូវគំរោងខ្យល់មួយចំនួន ដែលធ្វើឲ្យដីឡើងថ្លៃ ដែលសកម្មភាពនេះ ត្រូវបានអ្នកជំនាញហៅថា​ ”ការឆារដី” ហេតុនេះ អ្នកទិញដីទុកចំណេញគួរមានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានភាពជាប់គាំងលំហូរសាច់ប្រាក់។

សកម្មភាពឆារដីនេះ បានកើតមានច្រើនមុនវិបត្តិឆ្នាំ២០០៨  ដែលវិនិយោគគិតតូចៗ ទិញដីយកចំណេញបានប្រឈមហានិភ័យនៃភាពជាប់គាំង។

ការវិនិយោគពីរដ្ឋាភិបាល
គំរោងវិនិយោគរបស់រដ្ឋាភិបាល មានគោលដៅដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលវាជាសញ្ញាវិជ្ជមានមួយ សម្រាប់ប្រទេសជាតិ។

គម្រោងវិនិយោគរបស់រដ្ឋាភិបាល ឬវិស័យឯកជនក៏បានធ្វើឲ្យតម្លៃដីធ្លីកើនឡើងផងដែរ ប៉ុន្តែលុបចោលឬពន្យាពេលគំរោងណាមួយ ពិតជាគ្រោះថ្នាក់ដល់អ្នកវិនិយោគដី ដូ​ចជា គំរោងវិនិយោគព្រលានយន្តហោះខេត្តមណ្ឌលគិរី ប៉ោយប៉ែត និងគំរោងមួយចំនួនទៀតត្រូវបានពន្យាពេល គឺបានធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគជាច្រើន។

ហេតុនេះ ការសម្រេចចិត្តត្រូវតែឈរលើមូលដ្ឋាន ឲ្យច្បាស់លា​ស់ និងតាមដានព៌តមានឲ្យបានម៉ត់ចត់ ជាជាងសម្រេចចិត្តលឿន។

ការប្រកាសគំរោង

        ជាទូទៅ ក្រុមមន្រ្តីរដ្ឋាភិបាល តែងតែដឹងពីផែនការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល មុនប្រជាពលរដ្ឋឬអ្នក​វិនិយោគធម្មតា ហេតុនេះពួកគេតែងតែប្រមូលដីទុក ហើយលក់នៅពេលគំរោងត្រូវបានប្រកាសជាផ្លូវការ។

នៅពេលគំរោងប្រកាសផ្លូវការ មានន័យថា ក្រុមមន្រ្តីទាំងនោះបានទិញដីទាំងនោះទុករួចទៅហើយ និងបានលក់យកផលចំណេញនៅពេលគំរោងត្រូវបាន​ប្រកាសឡើងជាផ្លូវការ។

ហេតុនេះ អ្នកវិនិយោគយកផលចំណេញពីដីធ្លី ក៏គួរមានការប្រុងប្រយយ័ត្នផងដែរ ដោយសារដីធ្លីនៅតំបន់ ដែលរដ្ឋាភិបាលប្រកា​សគំរោងនានា បានកើនឡើងដល់កម្រិតខ្ពស់រួចទៅហើយ ដែលធ្វើឲ្យអ្នកវិនិយោគដីរកផលចំណេញ ពិបាកនឹងចំណេញ ហើយគាំងសាច់ប្រាក់ផងដែរ។

ជាក់ស្តែងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់ជុំវិញព្រលាន្តយន្តហោះ តេជោ ដីនៅតំបន់ជុំវិញនោះបានគាំង និងមិនទទួលបានផលចំណេ​ញច្រើននោះឡើយ ដោយសារសេដ្ឋកិច្ច លំហូរប្រជាសាស្រ្ត និងតម្លៃដីធ្លី គឺខ្ពស់ជាងសេដ្ឋកិច្ចនៅមូលដ្ឋានរួចទៅហើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here