អាគារខុនដូចំនួន៧នៃគំរោង CAMKO CITY នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

0

ដោយ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​
អាគារ​ខុន​ដូ​ចំនួន៧​ ​ស្ថិត​ក្នុង​ទីក្រុង​រណប​ ​CAMKO​ ​CITY​ ​ដែល​បាន​ទុកចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​នឹង​បញ្ចប់​ការសាងសង់​នា​ពាក់កណ្តាល​ឆ្នាំនេះ​ហើយ​។​

​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​គំរោង​ ​CAMKO​ ​CITY​ ​លោក​អាន​ ​ចាន់​នី​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៧​ ​កុម្ភៈ​កន្លងមក​ថា​ ​បច្ចុប្បន្ន​អាគារ​ខុន​ដូ​ចំនួន៧បាន​និង​កំពុង​សាងសង់​ឡើងវិញ​យ៉ាងសកម្ម​ ​ដែល​ក្រុមហ៊ុន​រំពឹង​ទុក​ថា​គម្រោង​នេះ​នឹង​បញ្ចប់​ការសាងសង់​នៅ​រយៈពេល​បី​ខែ​ខាងមុខនេះ​។​លោក​បន្ត​ថា​ ​អាគារ​ខុន​ដូ​ទាំង៧នេះ​មានផ្ទះ​ ​សរុប​ចំនួន៣៨០យូនី​ត​ ​និង​ខុន​ដូ​ដែល​បាន​សាងសង់​ចប់​ចំនួន៨​ ​មានផ្ទះ​ចំនួន៤៤១យូនី​ត​។​

​លោក​បន្ត​ថា​ ​“​ការ​ចាប់ផ្តើម​លក់​គំរោង​នេះ​ឡើងវិញ​ ​មិនទាន់​ដឹង​ចាប់ផ្តើម​នៅពេល​ណា​ទេ​ ​ហើយ​តម្លៃ​ប៉ុន្មាន​ក៏​មិនទាន់​កំណត់​នៅឡើយ​”​។​លោក​បន្ត​ថា​ ​“​ទីក្រុង​រណប​ ​CAMKO​ ​CITY​ ​មិនទាន់​មាន​គំរោង​អ​ភិ​វ​ឌ្ឈ​ន៍​អ្វី​ថ្មី​នៅឡើយ​ទេ​ ​ប៉ុន្តែ​ក្រោយ​គំរោង​នេះ​សាងសង់​ចប់​ ​ក្រុមហ៊ុន​អាច​សាងសង់​វីឡា​លក់​បន្ត​ទៀត​។​

ទីក្រុង​រណប​ ​CAMKO​ ​CITY​ ​ជាទី​ក្រុង​រណប​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ ​World​ ​CITY​ ​របស់​កូរ៉េ​ ​ប៉ុន្តែ​គំរោង​នេះ​បា​នព​ន្យា​ពេល​សាងសង់​ ​បន្ទាប់ពី​វិបត្តិសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០០៨​ ​និង​ជម្លោះផ្ទៃក្នុង​មួយចំនួន​របស់​ក្រុមហ៊ុន​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here