ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧នៅចុងខែកុម្ភៈនេះ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យកាន់តែច្រើនឡើងថែមទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទទីក្រុងស្អាត ៖ ទីក្រុងផ្តល់ភាពកក់ក្តៅ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង្ទេសចរណ៍បានឪ្យដឹងថា ទិវាជាតិទីក្រុងស្អាតលើកទី៧នេះ គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ ២០១៩ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា ទិវានេះ រៀបចំឡើងក្នុងគោលបំណងជំរុញឲ្យទីក្រុងទាំងអស់ឲ្យបង្កើនការប្រគួតប្រជែងគ្នាផ្នែកអនាម័យ បរិស្ថាន ផ្នែកសន្តិសុខ គំនិតឆ្នៃប្រឌិតទាក់ទាញភ្ញៀវទេសចរ។ជាមួយគ្នានោះក៏នឹងមានប្រគល់លាភី“រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” លើកទី៣ , ជ័យលាភី“ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០១៨ និងប្រគល់ជ័យលាភី “បង្គន់សាធារណៈកម្ពុជា” លើកទី១ ។
លោក ណេប សាមុត អគ្គលេខាធិកា នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានប្រាប់អ្នកសាព័ត៌មានក្រោយកិច្ចប្រជុំនោះថា នៅក្នុងទិវាជាតិទីក្រុងស្អាតលើកទី៧នេះ ដែរក្រសួងទេសចរណ៍បានត្រៀមប្រកាសឲ្យមានប្រព័ន្ធចំណាត់ថ្នាក់វិថីម្ហូបអាហាតាមដងផ្លូវនិងសេវាកម្មរបស់តូបលក់ម្ហូបអាហារតាមដងផ្លូវដើម្បីបង្កើនប្រសិទ្ធិភាពសេវកម្មទេសចរណ៍ឲ្យកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងឆ្នាំ២០១៨កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៦លាន២សែននាក់ក្នុងនោះភ្ញៀវទេសចរចិនឈរក្នុងលំដាប់ថ្នាក់ទី១មានប្រមាណ២លាននាក់។
តាមការព្យាករណ៍កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាន៥សែននាក់នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ៥០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារដោយផ្ទាល់ជូនប្រជាជនកម្ពុជាប្រមាណ១លាននាក់៕