ដោយ: គង់ លាងហួរ
ភ្នំពេញ: ធនាគារពិភពលោកបានឱ្យដឹងនៅក្នុងរបាយការណ៍ទស្សនវិស័យសម្រាប់ប្រទេសកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែមានភាពរឹងមាំ ទោះបីជាប្រឈមបញ្ហាពីកត្តាខាងក្រៅ និងក្នុងស្រុកយ៉ាងណាក្តី។នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារពត៌មាន Xinhua នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ធនាគារពិភពលោកបានព្យាករណ៍ថា កំណើន GDP ពិតប្រាកដរបស់កម្ពុជា នឹងសម្រេចបាន ក្នុងរង្វង់៥,៤ភាគរយ នៅឆ្នាំ២០២៣នេះ និងកើនឡើងដល់៥,៨ភាគរយនៅឆ្នាំ២០២៤ ដោយសារការកើនឡើងនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់។
បច្ចុប្បន្ន កម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុយជ្រោយក្នុងតំបន់ (RCEP)។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសអារ៉ាប់រួមផងដែរ។ធនាគារពិភពលោកបានគូសបញ្ជាក់ថា “ដោយសម្លឹងឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចកម្ពុជាអាចរងផលប៉ះពាល់បន្ថែមទៀត ដោយសារការធ្លាក់ចុះនៃតម្រូវការពិភពលោក ឬវិបត្តិនៃតម្លៃប្រេង និងម្ហូបអាហារ”។
ធនាគារពិភពលោកបានបន្ថែមថា “ចំពោះបញ្ហាប្រឈមក្នុងស្រុក ដូចជា ការកើនឡើងនៃបំណុលក្នុងគ្រួសារ និងកំណើនឥណទានក្នុងស្រុកលើវិស័យអចលនទ្រព្យនៅតែជាហានិភ័យ”។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាបានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅត្រឹម៥,៦ភាគរយនៅឆ្នាំនេះ និងបានបង្កើនការព្យាករណ៍ដល់៦,៦ភាគរយនៅឆ្នាំ២០២៤។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានជំរុញជាចម្បងដោយការនាំចេញសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ទេសចរណ៍ កសិកម្ម ព្រមទាំងវិស័យអចលនទ្រព្យ និងសំណង់ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ថា “ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច កម្ពុជាបានកំណត់គោលដៅប្រកបដោយមហិច្ឆតា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០” ។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានបន្តថា ប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងបញ្ចប់ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ខាងមុខនេះ។ ទន្ទឹមនឹងនោះ សម្តេចបន្ថែមថា កម្ពុជាបាននិងកំពុងពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់ ជាពិសេសទៅកាន់ប្រទេសអាស៊ាន+៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដោយកាត់បន្ថយបន្តិចម្តងៗនូវការពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប៕