ដោយ: គង់ លាងហួរ
ក្រុងតូក្យូ: កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា រដ្ឋាភិបាលជប៉ុនបានបន្ទាបទស្សនវិស័យលើសេដ្ឋកិច្ចរបស់ខ្លួន ជាលើកដំបូងក្នុងរយៈពេល១០ខែ ស្របពេលដែលការធ្លាក់ចុះនៃតម្រូវការបានធ្វើឱ្យការចំណាយដើមទុន និងការចំណាយរបស់អតិថិជនជួបបញ្ហា។
អាជ្ញាធរជប៉ុនក៏បានបន្ទាបទស្សនវិស័យរបស់ពួកគេលើការចំណាយដើមទុនជាលើកដំបូង គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដោយអះអាងថា ល្បឿននៃការស្ទុះងើបឡើងវិញបាននិងកំពុងផ្អាកនៅស្ងៀម។
ការវាយតម្លៃថ្មីដោយរដ្ឋាភិបាលជប៉ុនបានធ្វើឡើង បន្ទាប់ពីទិន្នន័យ ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា សេដ្ឋកិច្ចជប៉ុននៅត្រីមាសទី៣ បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុក ដែលបណ្តាលមកពីការថយចុះនៃតម្រូវការ។
យោងតាមរបាយការណ៍ ដែលចេញដោយរដ្ឋាភិបាលកាលពីថ្ងៃពុធបានឱ្យដឹងថា “សេដ្ឋកិច្ចជប៉ុនកំពុងងើបឡើងវិញក្នុងកម្រិតមធ្យម បើទោះបីជាវិស័យមួយចំនួនបានបង្ហាញពីភាពជាប់គាំងនាពេលថ្មីៗនេះយ៉ាងណាក្តី”។ នេះ ជា លើក ទី មួយ ហើយ ដែល រដ្ឋាភិបាល បានបន្ទាបទស្សនៈ វិស័យលើ សេដ្ឋកិច្ច ជារួម គិតចាប់ តាំង ពី ខែ មករា មក។
លើសពីនេះ តម្រូវការក្នុងស្រុករបស់ប្រទេសជប៉ុន ដូចជាការវិនិយោគសាជីវកម្ម និងការចំណាយរបស់អ្នកប្រើប្រាស់ខ្វះភាពរឹងមាំ។
ទោះបីជារដ្ឋាភិបាលបានរក្សាការវាយតម្លៃរបស់ខ្លួនថា ការចំណាយរបស់អ្នកប្រើប្រាស់បាននិងកំពុងកើនឡើងនៅក្នុងខែវិច្ឆិកាយ៉ាងណាក្តី ក៏ប៉ុន្តែ អតិផរណាបានជំរុញឱ្យការចំណាយលើទំនិញប្រើប្រាស់ធ្លាក់ចុះ ខណៈដែលការចំណាយលើសេវាកម្មដូចជាការញ៉ាំអាហារនៅក្រៅផ្ទះបានបន្តរក្សានិន្នាការកើនឡើង។
នៅខែវិច្ឆិកានេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានចងក្រងនូវកញ្ចប់វិធានការចំណាយជាង១៧ពាន់ពាន់លានយ៉េន (ប្រហែល១១៣ពាន់លានដុល្លារ)នៅក្នុងគោលដៅដើម្បីបង្ក្រាបឥទ្ធិពលនៃអតិផរណាមកលើសេដ្ឋកិច្ច។
រដ្ឋាភិបាលជប៉ុនរំពឹងថា សេដ្ឋកិច្ចនឹងបន្តងើបឡើងវិញក្នុងកម្រិតមធ្យម ប៉ុន្តែវាអាចរងហានិភ័យដូចជា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុពិភពលោក និងការថយចុះនៃកំណើនសេដ្ឋកិច្ចចិន។
របាយ ការណ៍ បាន បន្ថែមថា រដ្ឋាភិបាលបានយក ចិត្ត ទុក ដាក់ យ៉ាង ដិតដល់ទៅ លើការ ហក់ឡើង ថ្លៃនៃទំនិញ ស្ថានភាព សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ព្រម ទាំង ការ ប្រែប្រួល ទីផ្សារ ហិរញ្ញវត្ថុ៕