តែម សុខុម
ហាណូយៈ មេដឹកនាំកំពូលរបស់វៀតណាម បានប្ដេជ្ញាពង្រីកយុទ្ធនាការប្រឆាំងអំពើពុករលួយ “រយៈពេលវែង” មួយដែលបានបង្កផលប៉ះពាល់ខ្លាំងមកលើសេដ្ឋកិច្ចវៀតណាម។
ការប្ដេជ្ញានេះធ្វើឡើងបន្ទាប់ពីប៉ូលិសបានលាតត្រដាងរឿងអាស្រូវហិរញ្ញវត្ថុដ៏ធំដែលមានទំហំជាង៣%នៃផលទុនជាតិសរុប (GDP) របស់ប្រទេសនេះនៅក្នុងវិស័យអចលនទ្រព្យ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា។
យុទ្ធនាការប្រឆាំងអំពើពុករលួយនេះបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០១៦ ប៉ុន្តែវាមានសន្ទុះខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរវៀតណាម បានធ្វើការបង្ក្រាបករណីឆបោកទ្រង់ទ្រាយធំ និងករណីអំពើពុករលួយពាក់ព័ន្ធនាយកប្រតិបត្តិកំពូលៗ និងក្រុមមន្ត្រីរដ្ឋជាន់ខ្ពស់។
លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា ថា “យើងត្រូវធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានកាន់តែឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព”។លោកបានបន្ថែមថា “យើងនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្តរយៈពេលវែង”។ការលើកឡើងរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម រូបនេះបានធ្វើឡើងបន្ទាប់ពីប៉ូលិសប្រកាសលទ្ធផលនៃការស៊ើបអង្កេតរាប់ខែលើរឿងអាស្រូវហិរញ្ញវត្ថុដ៏ធំចំនួន២។
លទ្ធផលនៃការស្រាវជ្រាវដែលត្រូវបានបញ្ចេញកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅបង្ហាញថា នៅក្នុងរឿងអាស្រូវដ៏ធំបំផុតក្នុងចំណោមរឿងអាស្រ័យទាំងពីរ លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group និងបក្ខពួកបានគៃបន្លំប្រាក់ដល់ទៅ១២,៥៤ពាន់លានដុល្លារអាមេរិក ពីធនាគារពាណិជ្ជ Saigon Joint Stock Commercial Bank។
នៅក្នុងរឿងអាស្រូវដាច់ដោយឡែកមួយទៀត ប៉ូលិសកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា បានចោទប្រកាន់ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Tan Hoang Minh Group ថាបានកៀរគរដើមទុនបានប្រមាណ៣៥៥លានដុល្លារអាមេរិក ដោយខុសច្បាប់តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណលក់ឱ្យអ្នកវិនិយោគចំនួន៦.៦០០នាក់៕ Reuters ៕