ក្រុមហ៊ុនវាយតម្លៃដ៏ល្បីល្បាញ Moody’s បន្ទាបចក្ខុវិស័យចំណាត់ថ្នាក់ឥណទានអាមេរិក ទៅជាសញ្ញាអវិជ្ជមាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិក ប្រឈមមុខនឹងការបាត់បង់ចំណាត់ថ្នាក់ឥណទានកំពូលរបស់ខ្លួន ខណៈដែលក្រុមហ៊ុន Moody’s Investors Service បានបន្ទាបចក្ខុវិស័យ ចំណាត់ថ្នាក់ឥណទានអាមេរិកទៅជា សញ្ញាអវិជ្ជមាន។

ការបន្ទាបចំណាត់ថ្នាក់នេះធ្វើឡើង ដោយសារតែឱនភាពថវិកាអាមេរិកកាន់តែរីកធំ និងភាពមិនចុះសម្រុងគ្នា ផ្នែកនយោបាយរវាងបក្សសាធារណៈរដ្ឋ និងបក្សប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។

ក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ឥណទាន Moody’s បានបន្ទាបចក្ខុវិស័យ ចំណាត់ថ្នាក់ឥណទានរបស់អាមេរិក ពីស្ថិរភាពទៅជាសញ្ញាអវិជ្ជមាន។ ប៉ុន្តែក្រុមហ៊ុន Moody’s នៅតែរក្សាចំណាត់ថ្នាក់ Aaa ដែលជាចំណាត់ថ្នាក់ឥណទានកម្រិត វិនិយោគខ្ពស់បំផុតរបស់ខ្លួនដដែលសម្រាប់សហរដ្ឋអាមេរិក។ក្រុមហ៊ុន Moody’s បានអះអាងថា ស្របពេលដែលអត្រាការប្រាក់ហក់ឡើងកាន់តែខ្ពស់ ដោយគ្មានវិធានការកាត់បន្ថយការចំណា យ ឬបង្កើនប្រាក់ចំណូល នោះឱនភាពសារពើពន្ធអាមេរិក នឹងនៅតែមានទំហំធំ ដែលធ្វើឱ្យលទ្ធភាពខ្ចីបំណុលធ្លាក់ចុះយ៉ាងគំហុក។

លោក William Foster មន្ត្រីផ្នែកឥណទានជាន់ខ្ពស់មួយរូបប្រចាំនៅក្រុមហ៊ុន Moody’s បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្នុងបទសម្ភាសមួយថា “អត្រាការប្រាក់បានផ្លាស់ប្តូរ ខ្លាំង និងកាន់តែហក់ឡើងខ្ពស់”។លោកបានបន្ថែមថា “នេះគឺជាបរិយាកាសថ្មី សម្រាប់អត្រាការប្រាក់។ ការរំពឹងទុករបស់យើងគឺថា នឹងមានអត្រាខ្ពស់ជាងនេះ និងឱនភាពប្រហែល៦% នៃផលិតផលក្នុងស្រុកសរុប សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ ដែលមានន័យថា លទ្ធភាពខ្ចីប្រាក់នឹងបន្តដាក់សម្ពាធមកលើសហរដ្ឋអាមេរិក”។

ក្រុមហ៊ុន Moody’s គឺជាក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ឥណទានធំតែ១គត់ ក្នុងចំណោមក្រុមហ៊ុនធំៗចំនួន៣ ដែលនៅតែរក្សាចំណាត់ថ្នាក់ឥណទានខ្ពស់បំផុត សម្រាប់សហរដ្ឋអាមេរិក ខណៈក្រុមហ៊ុន Fitch Ratings បានទម្លាក់ចំណាត់ថ្នាក់រដ្ឋាភិបាលអាមេរិកនៅក្នុងខែសីហា បន្ទាប់ពីសភាអាមេរិក មានការខ្វែងគំនិតគ្នាខ្លាំងជុំវិញកិច្ចព្រមព្រៀងដំឡើងពិដានបំណុល។

ជាមួយគ្នានេះ ក្រុមហ៊ុន S&P Global Ratings បានដកហូតសហរដ្ឋអាមេរិក ចេញពីបញ្ជីចំណាត់ថ្នាក់កំពូលរបស់ខ្លួន កាលពីឆ្នាំ២០១១ ក្នុងគ្រា ដែលមានវិបត្តិកម្រិតបំណុលនៅឆ្នាំនោះ។ នេះបើយោងតាមការចុះផ្សាយឱ្យដឹង ពីទីភ្នាក់ងារសារព័ត៌មាន Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here