ក្រុមហ៊ុនខ្នាតយក្ស Saudi Aramco ចាប់ផ្តើមប្រតិបត្តិការមជ្ឈមណ្ឌលខួង និងជួសជុលអណ្តូងប្រេងដ៏ធំមួយ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត

0

ដោយ: គង់ លាងហួរ
រីយ៉ាដ: ក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្ស Saudi Arabian Oil Co. ឬ Saudi Aramco បានចាប់ផ្តើមប្រតិបត្តិការមជ្ឈមណ្ឌលខួង និងជួសជុលអណ្តូងប្រេង ដែលមានស្រាប់នៅក្នុងសួនឧទ្យានថាមពល King Salman Energy Park ដើម្បីគាំទ្រដល់ការធ្វើមូលដ្ឋានីយកម្មនៃប្រេង និងឧស្ម័ន។

សួនឧទ្យានថាមពល King Salman Energy Park ឬត្រូវបានគេស្គាល់ថាជា សួន SPARK បានអះអាងថា មជ្ឈមណ្ឌលនេះមានទំហំ៣៧០.០០០ម៉ែត្រការ៉េ និងមានបុគ្គលិកបម្រើការជាង១.០០០នាក់។

សួនឧទ្យានថាមពល SPARK បានធ្វើការកត់សម្គាល់ថា ការបង្កើតមជ្ឈមណ្ឌលខួង និងជួសជុលអណ្តូងប្រេង ដែលមានស្រាប់របស់ក្រុមហ៊ុន Aramco នៅក្នុងឧទ្យាននេះ នឹងជួយបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងសម្រួលប្រតិបត្តិការបន្ថែមទៀត។

លោក Saif Al-Qahtani នាយកប្រតិបត្តិនៃសួនថាមពល SPARK បានលើកឡើងថា “យើងពិតជារំភើបណាស់ ក្នុងការធ្វើជាសាក្សីនៃការបើកដំណើរការទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលខួង និងជួសជុលអណ្តូងប្រេង (D&WO) របស់ក្រុមហ៊ុន Aramco និងរោងចក្រឧស្សាហកម្មនៅក្នុងសួនឧទ្យាន SPARK”។

លោកបានបន្ថែមថា “នេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់នូវសេវាកម្មលំដាប់ថ្នាក់ពិភពលោកដល់បណ្តាវិនិយោគិនរបស់យើងនៅទូទាំង តំបន់ មជ្ឈិមបូព៌ា និង អាហ្វ្រិក ខាងជើង (MENA) និងតំបន់ផ្សេងៗទៀត”។

លោកអះអាងថា សួនឧទ្យានថាមពល SPARK នៅតែប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនក្នុងបេសកកម្មរបស់ខ្លួន ដើម្បីឈានមុខគេ ក្នុងការជំរុញឧស្សាហកម្មថាមពល និងពង្រឹងជំហររបស់យើង ក្នុងនាមជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការធ្វើមូលដ្ឋានីយកម្មនៃខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល ការច្នៃប្រឌិត និងការសហការគ្នា”។

ការបង្កើតមជ្ឈមណ្ឌលខួង និងជួសជុលអណ្តូងប្រេង (D&WO) របស់ក្រុមហ៊ុន Saudi Aramco ត្រូវបានគេរំពឹងថា នឹងជំរុញការប្តេជ្ញាចិត្តរបស់សួនឧទ្យានថាមពល SPARK ក្នុងការធ្វើមូលដ្ឋានីយកម្មខ្សែសង្វាក់តម្លៃថាមពល ស្របតាមគោលដៅធ្វើមូលដ្ឋានីយកម្មដែលមានចែងនៅក្នុងផែនការចក្ខុវិស័យ Vision 2030 របស់ប្រទេសអារ៉ាប៊ីដាសាអូឌីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here