តែម សុខុម
ហ្សាការតា: ខណៈបេក្ខភាពប្រធានាធិបតីទាំង៣រូបរបស់ឥណ្ឌូនេស៊ី ត្រៀមខ្លួនសម្រាប់ការចាប់ផ្ដើមរយៈពេលធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រនៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ពួកគេនឹងត្រូវប្រឈមបញ្ហាស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ចដែលកំពុងបង្អង់ល្បឿនក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍។
រដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto អតីតអភិបាលក្រុងហ្សាការតា លោក Anies Baswedan និងអតីតអភិបាលខេត្តជ្វាកណ្ដាល (Central Java) លោក Ganjar Pranowo នឹងត្រូវប្រឈមមុខដាក់គ្នានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីប្រជែងយកតំណែងប្រធានាធិបតីពីលោក Joko Widodo ដែលត្រូវបានរដ្ឋធម្មនុញ្ញហាមឃាត់មិនឱ្យឈរឈ្មោះបន្តទៀត ក្រោយកាន់អំណាចបាន២អាណត្តិ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា។

ផ្អែកតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា កំណើនផលទុនជាតិសរុប (GDP) របស់ប្រទេសឥណ្ឌូនេស៊ី បានបង្អង់ល្បឿនមកនៅត្រឹម៤,៩៤%ក្នុងត្រីមាសទី៣ បើធៀបនឹងកំណើន៥,៧២%អំឡុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ដែលសម្បូរដោយធនធានធម្មជាតិសម្រេចបានកំណើន៥,៣%សម្រាប់ឆ្នាំ២០២២ ទាំងមូល ជាកំណើនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៩ឆ្នាំ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ការរក្សាកំណើន GDP ឱ្យខ្ពស់ជាង៥%គឺមានសារៈសំខាន់ណាស់ចំពោះការបង្កើតការងារគ្រប់គ្រាន់សម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី ជាង១លាននាក់ដែលចូលប្រឡូកក្នុងវិស័យការងារក្នុងមួយឆ្នាំៗ។
យោងតាមធនាគារពិភពលោក (World Bank) ឱ្យដឹងថា សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី បានបន្ថែមការងារថ្មីៗជាមធ្យម២,៤លានកន្លែងក្នុងមួយឆ្នាំៗចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩។
តួលេខផ្លូវការបង្ហាញថា អត្រាគ្មានការងារធ្វើនៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែសីហា ស្ថិតក្នុងរង្វង់៥,៣២% ដោយធ្លាក់ចុះ០,៥៤%ពីឆ្នាំ២០២២៕ Al Jazeera ៕