ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃបានអនុម័តទិដ្ឋាការរយៈពេល១០ឆ្នាំដល់អ្នកវិនិយោគបរទេសដែលបណ្តាក់ទុននៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដោយកំណត់អត្រាពន្ធលើប្រាក់ចំណូលថេរចំនួន១៧% ក្នុងគោលបំណងជំរុញការវិនិយោគ។
លោកឧបនាយករដ្ឋមន្ត្រីថៃ Phumtham Wechayachai បានប្រាប់អ្នកយកព័ត៌មានថា ផែនការផ្តល់ទិដ្ឋាការនេះគ្រោងចាប់ផ្តើមនៅឆ្នាំ២០២៤ ហើយវានឹងជួយសម្រួលដល់អ្នកវិនិយោគ ខណៈដែលរដ្ឋាភិបាលកំពុងខិតខំបន្ធូរបន្ថយការរឹតបន្តឹងនានា។
លោកបានបន្តថា រដ្ឋាភិបាលក៏កំពុងកំណត់គោលដៅខ្ពស់ជាងមុនលើការវិនិយោគជាក់ស្តែងសរុបចំនួន៥០០ពាន់លានបាត (ប្រហែល១៤,២៣ពាន់លានដុល្លារ) នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ក្នុងអំឡុងឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ ឬស្មើនឹង១០០ពាន់លានបាតក្នុងមួយឆ្នាំ។
លោក Phumtham បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការវិនិយោគជាក់ស្តែងនៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) មានទំហំទឹកប្រាក់ប្រហែល៧៥ពាន់លានបាតក្នុងមួយឆ្នាំ។
តំបន់ EEC ដែលគ្របដណ្តប់ខេត្តចំនួន៣ រួមមាន ខេត្តឈុនបុរី ខេត្តរ៉ាយ៉ង និងខេត្តឆាឈឿងសៅ គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកទឹកចិត្តដល់ការវិនិយោគ ជាពិសេសនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។
សេដ្ឋកិច្ចរបស់ប្រទេសថៃសម្រេចបានកំណើនទាបជាងការរំពឹងទុក ដោយបានកើនឡើងក្នុងអត្រា១,៥ភាគរយ នៅក្នុងត្រីមាសទី៣ ធៀបនឹងឆ្នាំមុន ដែលជាល្បឿនយឺតបំផុតនៅឆ្នាំនេះ ដោយសារការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាលបានថយចុះ៕