ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើន ដូចជាក្រុមហ៊ុន Air China ក្រុមហ៊ុន China Eastern និង Shanghai Airlines បានលុបចោលជើងហោះហើរទៅកាន់ប្រទេសថៃសម្រាប់ខែធ្នូ និងខែមករា ដោយសារការកក់សំបុត្រតិចជាងការរំពឹងទុក។
លោក Suttipong Kongpool អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន១០ បានជូនដំណឹងអំពីការលុបចោលជើងហោះហើរទៅកាន់ប្រទេសថៃចាប់ពីខែធ្នូ រហូតដល់ខែមករាឆ្នាំ២០២៤ខាងមុខ។
លោក Piyasawat Amranand នាយកប្រតិបត្តិផ្នែកផែនការស្តារធុរកិច្ចរបស់ក្រុមហ៊ុន Thai Airways International(THAI) បានវាយតម្លៃថា ការលុបចោលជើងហោះហើរនេះគឺដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន និងគោលនយោបាយក្នុងការជំរុញទេសចរណ៍ក្នុងស្រុក។
លោក Piyasawat Amranand ក៏បានអះអាងផងដែរថា គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃ ដូចជាការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជនជាតិចិន មិនបានជំរុញឱ្យមានលំហូរនៃភ្ញៀវទេសចរនោះទេ។
លោក Korakot Chatasingha ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ THAI បានមានប្រសាសន៍ឱ្យដឹងថា គំនិតផ្តួចផ្តើមលើកលែងទិដ្ឋាការ មិនបានជំរុញទីផ្សារចិនខ្លាំងនោះទេ។
លោកបានបន្ត ថាបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសចិនហាក់ដូចជា មូលហេតុចម្បងសម្រាប់ការវិលត្រឡប់មកវិញ របស់ភ្ញៀវទេសចរចិនទាបជាងការរំពឹងទុក។
លោកបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍នានាមិនទាន់ទទួលបានការកក់ទុកជើងហោះហើរដ៏ខ្ពស់សម្រាប់បុណ្យចូលឆ្នាំចិនខាងមុខនេះទេ ប៉ុន្តែយើងត្រូវការសង្កេតមើលបន្ថែមទៀតបន្ទាប់ពីខែធ្នូខាងមុខ៕