រដ្ឋាភិបាលឡាវកំពុងពិចារណាគម្រោងជីកយកធនធានរ៉ែ ដ៏កម្ររបស់ផែនដី Rare Earth ដើម្បីស្រូបបានរូបិយប័ណ្ណបរទេស

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឡាវកំពុងពិចារណាលើគម្រោងសាកល្បងជីករកធនធានរ៉ែដ៏កម្ររបស់ផែនដី ដែលគេហៅថា Rare Earth Element ដើម្បី ស្រូបទាញរូបិយប័ណ្ណ បរទេស បន្ថែម ទៀត ស្របពេល មាន បញ្ហា សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កំពុងកើតឡើងនៅប្រទេស នេះ។

សំណើលើគម្រោងមួយនេះត្រូវបានលើកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំខែ ដែលរៀបចំធ្វើឡើងនៅទីក្រុងវៀងច័ន្ទន៍នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា។  កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក សូរ្យ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីឡាវ និងមានការចូលរួមពីសមាជិកគណៈរដ្ឋមន្ត្រី។រដ្ឋាភិបាល ក៏ កំពុង ពិចារណា ផងដែរ នូវ ការចាត់វិធានការ ដើម្បី បង្កើត គណៈកម្មាធិកា រ និង តាក់តែង ច្បាប់ ណា ដែលចាំបាច់ ដើម្បី គ្រប់គ្រង គម្រោង សាកល្បង ដែល បាន គ្រោងទុក ប្រសិនបើ គម្រោងនេះអាចដំណើរការ ទៅមុខបាន។

ក្រុមសេដ្ឋវិទូបានលើកឡើងថា វាចាំបាច់ណាស់ក្នុងការអនុវត្តការសិក្សាឱ្យបានហ្មត់ចត់អំពីគ្រោងការណ៍នេះ ដូចជាការរំពឹងទុកទីផ្សារ និងការពិនិត្យឡើងវិញនូវមេរៀន ដែលបានរៀនពីប្រតិបត្តិការរុករករ៉ែសាកល្បងជាច្រើនឆ្នាំកន្លងមក ដើម្បីជៀសវាងការខាតបង់សេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ។នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីខែកញ្ញាកន្លងទៅ លោក សូរ្យ ស៊ីផាន់ដូន បានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធនានាឱ្យពន្លឿនការតាក់តែងយុទ្ធសាស្ត្រលើរ៉ែកម្រ ឬលោហៈធាតុសំខាន់ៗ និងរ៉ែផ្សេងទៀត ដើម្បីធានាការគ្រប់គ្រងបានត្រឹមត្រូវនៃប្រតិបត្តិការរុករករ៉ែនៅប្រទេសឡាវ។

ធនធានរ៉ែកម្រ Rare Earth គឺជាក្រុមធាតុរ៉ែចំនួន១៧ ដែលជាសមាសធាតុផ្សំយ៉ាងចាំបាច់នៃគ្រឿងបរិក្ខាយោធា និងសម្ភារៈទំនើប នាពេលបច្ចុប្បន្ន រួមមានទាំងកុំព្យូទ័រយួរដៃ រហូតដល់យានជំនិះអេឡិចត្រូនិច និងប្រព័ន្ធសព្វាវុធ ហើយប្រទេសចិនគ្របដណ្តប់រហូតដល់ទៅ ៧០ភាគរយ នៃការផលិតកែច្នៃធនធាននេះ នៅទូទាំងពិភពលោកកាលពីឆ្នាំ២០២២។

ដោយសារតែរ៉ែកម្រមានតម្រូវការខ្ពស់នៅទូទាំងពិភពលោក រដ្ឋាភិបាលទីក្រុងវៀងច័ន្ទបានសង្កត់ធ្ងន់លើតម្រូវការដើម្បីធានាឱ្យបានថា ប្រទេសឡាវទទួលបានអត្ថប្រយោជន៍យ៉ាងពេញលេញពីការជីកយករ៉ែកម្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here