តែម សុខុម
សេអ៊ូល: យោងតាមវិទ្យាស្ថានស្រាវជ្រាវកាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា បង្ហាញថា រាល់ក្រុមហ៊ុនសាងសង់កូរ៉េខាងត្បូង ចំនួន១០ គឺមាន៤ក្រុមហ៊ុនហើយដែលគ្មានលទ្ធភាពបង់ប្រាក់កម្ចីធនាគារ។
វិទ្យាស្ថានស្រាវជ្រាវកូរ៉េ សម្រាប់គោលនយោបាយស្ដីពីការសាងសង់ (Korea Research Institute for Construction Policy) ហៅកាត់ RICON បានប្រើប្រាស់អនុបាតបង់ការប្រាក់ដើម្បីធ្វើការវាយតម្លៃពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលទទួលបានការធ្វើសវនកម្មពីក្រុមហ៊ុនក្រៅប្រទេសកាលពីឆ្នាំមុន។
ក្រុមហ៊ុនសរុបចំនួន៩២៩ ឬស្មើនឹង៤១%ត្រូវបានរកឃើញថាមានអនុបាតក្រោម១។ នេះបានសេចក្ដីថា ការប្រាក់ដែលក្រុមហ៊ុនទាំងនោះត្រូវបង់មានទំហំធំជាងប្រាក់ចំណេញពីអាជីវកម្មរបស់ពួកគេ ដោយធ្វើឱ្យក្រុមហ៊ុនទាំងនោះកាន់តែពិបាកបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។
ចំនួនក្រុមហ៊ុនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុនៅក្នុងឧស្សាហកម្មសាងសង់ក្នុងស្រុកបានកើនឡើង។ តួលេខនេះគឺមានចំនួន៣២%ក្នុងឆ្នាំ២០១៨។
តួលេខក្នុងឆ្នាំ២០២២ គឺកាន់តែខ្ពស់ជាងអនុបាតជាមធ្យមសម្រាប់ឧស្សាហកម្មក្នុងស្រុកដែលស្ថិតក្នុងរង្វង់៣៦%។
វិទ្យាស្ថានស្រាវជ្រាវកូរ៉េ សម្រាប់គោលនយោបាយស្ដីពីការសាងសង់ (RICON) និយាយថា លទ្ធផលរកឃើញបង្ហាញថា ស្សាហកម្មសាងសង់បានជាប់ផុងកាន់តែជ្រៅជាមួយបណ្ដាក្រុមហ៊ុនអស្ថិរភាពនានា ហើយចំនួនក្រុមហ៊ុនទាំងនោះកំពុងតែកើនឡើងយ៉ាងខ្លាំង៕ Korea Times៕