ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ច ដែលមានសុខភាពល្អ និងមាននិរន្តរភាព នៅឆ្នាំខាងមុខ ទោះបីជាជួបបញ្ហាប្រឈម ដែលបណ្តាលមកពីការផ្លាស់ប្តូរគំរូកំណើនសេដ្ឋកិច្ច ដែលជំរុញដោយវិស័យអចលនទ្រព្យ ទៅកាន់គំរូ ដែលផ្តោតលើកត្តាជំរុញកំណើនសេដ្ឋកិច្ចគុណភាពខ្ពស់។
លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន បានថ្លែងសុន្ទរកថា នៅឯសន្និសីទកម្រិតខ្ពស់ HKMA-BIS ឆ្នាំ២០២៣ កាលពីថ្ងៃអង្គារថា “ដោយសម្លឹងទៅមុខ សេដ្ឋកិច្ចចិននៅតែមានភាពធន់ខ្ពស់ ដោយសារភាពខ្លាំងរបស់សេដ្ឋកិច្ច ដូចជាសមត្ថភាពបង្កើតថ្មី ទីផ្សារដ៏ធំ ហេដ្ឋារចនាសម្ព័ន្ធល្អ សង្វាក់ឧស្សាហកម្មដែលបានបង្កើតឡើងយ៉ាងល្អ ធនធានមនុស្សសម្បូរបែប និងការអប់រំល្អ”។
លោកបានបន្តថា កាលពីមុន គំរូនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលពឹងផ្អែក និងផ្តោតជាសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគអចលនទ្រព្យ បានជំរុញឱ្យសេដ្ឋកិច្ចចិនសម្រេចបានកំណើនដ៏ខ្ពស់នាពេលកន្លងមក ប៉ុន្តែកំណើនបែបនេះទំនងជាមិនអាចបន្តទៅមុខទៀតបានឡើយ។
ផ្ទុយទៅវិញ ក្រុមអ្នកបង្កើតគោលនយោបាយ របស់ប្រទេសចិនកំពុងបង្វែរការយកចិត្តទុកដាក់របស់ពួកគេឆ្ពោះទៅរក “កំណើនប្រកបដោ យគុណភាពខ្ពស់ និងនិរន្តរភាព” ហើយកំពុងផ្តោតលើការកែលម្អរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេស និងបង្កើតកត្តាជំរុញកំណើនសេដ្ឋកិច្ចថ្មី។
លោក Pan Gongsheng អះអាងថា “ការផ្លាស់ប្តូរសេដ្ឋកិច្ច ដែលកំពុងបន្តនឹងក្លាយជាដំណើរដ៏វែងឆ្ងាយ និងលំបាក ប៉ុន្តែវាជាដំណើរដែលយើងត្រូវតែធ្វើ”។
លោក Pan ក៏បានចូលរួមក្នុងវគ្គសំណួរ និងចម្លើយ បន្ទាប់ពីថ្លែងសុន្ទរកថារួច ដោយបានមានប្រសាសន៍ថា “ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិន ឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់មួយ នោះទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ក៏កំពុងមើលឃើញការផ្លាស់ប្តូរជាច្រើនផងដែរ”។
លោកបានបន្ថែមថា គម្លាតនៃតម្រូវការលំនៅដ្ឋាន រវាងទីក្រុងលំដាប់ខ្ពស់ និងទីក្រុងលំដាប់ទាប កាន់តែមានភាពច្បាស់លាស់ ហើយតម្រូវការលំនៅដ្ឋានថ្មី កំពុងត្រូវបានជំនួសបន្តិចម្តងៗ ដោយលំនៅដ្ឋានប្រភេទជជុះ ឬហៅថា Second-hand និងផ្ទះជួលជាដើម”៕