ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាគ្រោងបោះបង់គម្រោងសាងសង់គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម តម្លៃ១,៥ ពាន់លានដុល្លារ ដែលមានអានុភាព៧០០មេហ្គាវ៉ាត់ (MW) នៅស្រុកបុទុមសាគរ ខេត្តកោះកុង ហើយនឹងសាងសង់រោងចក្រដើរដោយឧស្ម័នធម្មជាតិរាវ៨០០មេហ្គាវ៉ាត់ជំនួសវិញ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ប្រាប់សារពត៌មាន Reuters ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងនឹងប្រកាសនៅថ្ងៃទី៣០ ខែវិច្ឆិកា អំពីការលុបចោលគម្រោងរោងចក្រថាមពលធ្យូងថ្ម ដែលមានអានុភាព៧០០មេហ្គាវ៉ាត់នេះ នៅខេត្តកោះកុង និងផែនការជំនួស ដោយគម្រោងរោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ(LNG) ដែលមានអានុភាព៨០០មេហ្គាវ៉ាត់ ដោយគ្រោងនឹងដាក់ឱ្យដំណើរការក្រោយឆ្នាំ២០៣០។ទោះជាយ៉ាងនេះក្តី លោក កែវ រតនៈ មិនបានគូសបញ្ជាក់ប្រាប់សារពត៌មាន Reuters អំពីទំហំថវិកាដែលត្រូវចំណាយសម្រាប់ការសាងសង់គម្រោងថ្មីនេះទេ។
លោក កែវ រតនៈ បានបន្តថា ការសម្រេចចិត្តលុបចោលគម្រោងរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ដែលគ្រោងនឹងចាប់ផ្តើមផលិតថាមពលនៅចុងឆ្នាំ២០២៥ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាចំពោះការប្រើប្រាស់ថាមពលស្អាតជាងមុន។
ជាក់ស្តែង កម្ពុជាគ្រោងបង្កើនចំណែកនៃសមត្ថភាពផលិតថាមពលស្អាតដល់៧០ ភាគរយនៅឆ្នាំ២០៣០ បើធៀបនឹង៥២ភាគរយនៅឆ្នាំ២០២២ តាមរយៈការសាងសង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងថាមពលដើរដោយខ្យល់ ព្រមទាំងគម្រោងវារីអគ្គីសនីថ្មីផងដែរ។
ស្របពេលដែលមានការលុបចោលនូវគម្រោងថាមពលធ្យូងថ្មនៅស្រុកបុទុមសាគរ ខេត្តកោះកុង ដូច្នេះ គម្រោងថាមពលដើរដោយធ្យូងថ្ម ដែលនៅសេសសល់តែមួយគត់របស់កម្ពុជា ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ គឺជាគម្រោងខ្នាតតូច ដែលមានអានុភាព២៦៥មេហ្កាវ៉ាត់ នៅក្នុងខេត្តឧត្តរមានជ័យ។
លោក កែវ រតនៈ បានបន្ថែមថា គម្រោងថាមពលអគ្គិសនីដើរដោយធ្យូងថ្ម នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដើមឡើយ នឹងត្រូវបានសាងសង់ គ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុន Royal Group របស់កម្ពុជា ហើយពេលនេះ ក្រុមហ៊ុននឹងសាងសង់គម្រោងរោងចក្រអគ្គិសនីដើរដោយឧស្ម័នជំនួសវិញ។
ទោះជាយ៉ាងនេះក្តីក្រុមហ៊ុន Royal Group មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ តាមអុីមែលរបស់សារពត៌មាន Reuters នោះទេ៕