សម្តេចធិបតីជំរុញឱ្យអគ្គិសនីកម្ពុជាប្រឹងតបណ្តាញអគ្គិសនីជាតិដល់គ្រប់ភូមិពលរដ្ឋឱ្យបាន១០០ភាគរយទូទាំងប្រទេស

0

ដោយៈ គង់ ហ្វីអូណា

កោះកុងៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជំរុញឱ្យអគ្គិសនីកម្ពុជា ប្រឹងតបណ្តាញអគ្គិសនីជាតិដល់គ្រប់ភូមិពលរដ្ឋ ឱ្យបាន១០០ភាគរយទូទាំងប្រទេស ឱ្យបានមុនឆ្នាំ២០៣០។ រហូតមកទល់ពេលនេះ នៅសល់តែជាង១ភាគរយតែប៉ុណ្ណោះបណ្តាញអគ្គិសនីជាតិ នឹងបានតភ្ជាប់គ្រប់ភូមិពលរដ្ឋទូទាំងប្រទេស។

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

សម្ដេចធិបតីបានថ្លែងថា “វិស័យអគ្គិសនី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល”។សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តទទួលខុសត្រូវលើពលរដ្ឋ និងប្រទេសជាតិចំនួន៣ ដោយទី១ ជំរុញជីវភាពពលរដ្ឋ ទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ទី២ ទទួលខុសត្រូវ លើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបាន​ហ្មត់ចត់​បញ្ចៀស​រាល់ការប៉ះពាល់ និងទី៣ រួមទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “កម្ពុជាត្រូវធានាឱ្យបាន នូវសន្តិសុខថាមអគ្គិសនី និងឯករាជ្យភាពថាមពលអគ្គិសនី ដើម្បីធានាដល់ការអភិវឌ្ឍ និងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ មិនត្រូវពឹងតែទិញពីប្រទេសជិតខាងទេ”។គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន១៣,៩២៣ ស្មើនឹង ៩៨.២៧ភាគរយនៅកម្ពុជា បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិសម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ២៤៥ប៉ុណ្ណោះ ស្មើនឹង១.៧៣ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬភូមិខ្លះទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។

ប៉ុន្តែបើទោះបីជា ភូមិទាំង ២៤៥នោះ មិនទាន់ទទួលបានប្រភពអគ្គិសនីពីបណ្តាញជាតិក្តី ក៏ភូមិមួយចំនួនបានទទួលការផ្គត់ផ្គង់អគ្គិសនី ពីប្រភពថាមពលពន្លឺព្រះអាទិត្យរួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here