ដោយៈ ជេស៊ីកា
ព្រះសីហនុៈ ក្រុងព្រះសីហនុ បានស្វាគមន៍ការបើកដំណើរការសណ្ឋាគារលំដាប់ប្រណីត និងកាស៊ីណូតម្លៃ៥០លានដុល្លារអាមេរិក ដែលជាផ្នែកមួយ នៃការលើកកំពស់សេវាកម្មបដិសណ្ឋារកិច្ចរបស់ខេត្តនេះ។
ការបើកដំណើរការរបស់សណ្ឋាគារស៊ីហាហូថេល និងកាស៊ីណូកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៣ ដែលមានទីតាំងនៅនៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានទទួលការអញ្ជើញចូលរួមពីលោកគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។លោកគួច ចំរើន អភិបាល បានចូលរួមអបអរសាទរការបើកឱ្យដំណើរការសណ្ឋាគារស៊ីហាហូថេល និងការស៊ីណូនាពេលនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបន្តថា ការបើកឱ្យដំណើរការសណ្ឋាគារស៊ីហាហូថេល និងកាស៊ីណូ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនជាលំដាប់ ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ ក៏ដូចជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងការកសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។លោកបន្តទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗសណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន រមណីយដ្ឋានធម្មជាតិ ជីវៈចម្រុះដ៏សម្បូរបែប ព្រមទាំងឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍នៅក្នុងខេត្ត បានទាក់ទាញភ្ញៀវទេសចរមក កម្សាន្តយ៉ាងច្រើនកុះករ។
លោកអភិបាលខេត្តបានបញ្ជាក់ថា “អ្វីដែលអ្នកវិនិយោគមកពីម៉ាឡេស៊ី ជ្រើសរើសខេត្តព្រះសីហនុ ក្នុងការវិនិយោគទឹកប្រាក់៥០លានដុល្លារលើសណ្ឋាគារ និងការស៊ីណូនាពេលនេះ គឺជាភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ក្រោយពីកូវីដ-១៩ ត្រូវបានបញ្ចប់”។លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាប់យកខេត្តសៀមរាបជាគោលដៅទេសចរណ៍២០២៤ ជាពិសេសក្នុងស្មារតីអង្គប្រជុំ សម្តេចធិបតី បានជម្រុញវិស័យទេសចរណ៍ សម្តេចបានប្រគល់ឱ្យគណៈបញ្ជាការភាពខេត្តព្រះសីហនុ ធានាឱ្យមានសន្តិសុខ សុវត្តិភាពសម្រាប់អ្នកទេសចរណ៍ និងវិនិយោគនៅទីនេះ។ ដូច្នេះយើងចាប់យកឱកាស និងផ្សព្វផ្សាយពីសក្តានុពល និងកត្តាសុខសុវត្ថិភាព ដោយមិនមានការគំរាមកំហែង ដោយមានការគ្រប់គ្រងពីអាជ្ញាធរ និងសមត្តកិច្ចរបស់យើងនៅទីនេះ យើងត្រូវរួមគ្នាអភិវឌ្ឍដែលយើងមាន និងប្រឆាំងនូវព័ត៌មានមិនពិត។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ជំរុញគោលដៅផ្លាស់ប្តូទេសចរណ៍ចិន និងកម្ពុជាឆ្នាំ២០២៤ បើតាមរបាយការណ៍ពីព្រលានយន្តហោះ ភ្ញៀវទេសចរណ៍អាមេរិក និងអឺរ៉ុប មានភ្ញៀវទេសចរណ៍ ប្រមាណ៤០០០នាក់ក្នុងមួយថ្ងៃ នេះជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។
ដោយឡែករីហ្សតមួយចំនួន នៅតំបន់កោះត្រូវបានភ្ញៀវស្នាក់នៅ ទន្ទឹមនោះយើងត្រូវបង្កើនផលិតផល ទេសចរណ៍បន្ថែមទៀត ពិសេសការធ្វើបដិសណ្ឋាកិច្ចបំរើសេវាកម្មឱ្យបានល្អ ព្រោះខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ ហើយមានអ្នកទេសចរណ៍ កំពុងសំឡឹងមើលគោលដៅទេសចរណ៍ ចាំបាច់យើងត្រូវហ្វឹកហាត់ បុគ្គលិកឱ្យចេះបដិសណ្ឋាកិច្ច ស្វាគមន៍ទទួលភ្ញៀវទេសចរណ៍ សង្ឃឹមថា សណ្ឋាគារស៊ីហលហូថេល ស្កាយបារនៅទីនេះ និងអាហារនៅទីនេះមានរស់ជាតិ ដើម្បីជាការប្រកួតទាក់ទាញភ្ញៀវ ត្រូវកែលម្អសោភ័ណភាពទាក់ទាញភ្ញៀវមកឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ៕