ក្រុមអ្នកជំនាញអចលនទ្រព្យជាតិ អន្តរជាតិជាង១០០នាក់នឹងជួបប្រជុំស្វែងរកដំណោះស្រាយទាក់ទងនឹងវិស័យនេះនៅសប្តាហ៍ក្រោយ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្រុមអ្នកជំនាញ ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនអចលនវត្ថុជាតិ និងអន្តរជាតិជាង១០០ក្រុមហ៊ុន នឹងជួបប្រជុំគ្នាជាលើកដំបូងដើម្បីលើកឡើងពីបញ្ហាប្រឈម កាលានុវត្តន៍ភាព និងឱកាសវិនិយោ​គនៅក្នុងវិស័យនេះ។

ជំនួបនេះ នឹងធ្វើឡើងរយៈពេលពេញមួយព្រឹក នៅភោជនីយដ្ឋានភ្នំពេញអូតែល ស្ថិតនៅក្នុងខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកស្រីតាំង ហួរអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹង កាលពីព្រឹកថ្ងៃទី៣ ធ្នូកន្លងមកថា សមាជិកសមាគមមិនសូវបានជួបគ្នា ចាប់តាំងពីវិបត្តិកូវីដ១៩កន្លងមក ហេតុនេះការជួបជុំគ្នានេះ ដើម្បីជួបជុំគ្នាដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម ដែលពួកយើងបានឆ្លងកាត់ក្នុងវិបត្តិនេះ។លោកស្រីបន្តថា “ការជួបជុំគ្នានេះ ក៏ដើម្បីស្វែងរកដំណោះស្រា​យបញ្ហាប្រឈម និងសហការគ្នាដោយឈរលើមូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា”។ លោកស្រីបន្តថា “កម្មវិធីនេះ ក៏មានការរៀបចំសន្និ​សីទសារព័ត៌មាន ដើម្បីលើកឡើងពីអនាគត ឱកាសវិនិយោគរបស់វិស័យនេះផងដែរ”។

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុអាណត្តិទី៨នេះ បាននិងកំពុងដឹកនាំដោយ លោកសន សៀប ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KH25 Property និង ក្រុមហ៊ុន Asia Pacific Property Appraisal កិច្ចប្រជុំនេះ នឹងមានការលើកឡើងពីវាគ្មិន ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើន ដូចជា លោកសន សៀប ​លោកវ៉ា វីរៈ លោកឧកញ៉ាចេង ខេង លោកស្រីតាំង ហួរជាដើម។ លោកស្រីតាំង ហួរបានបន្តថា ស្ថានភាពក្នុងវិស័យនេះ កំពុងប្រឈមបញ្ហាអ្វីខ្លះ ក៏ដូចជា មានឱកាសសម្រាប់វិនិយោគឬយ៉ាងណា នឹងមានការចែករំលែកពីវាគ្មិនល្បីៗ ដែលនឹងលើកឡើងពីមតិយោ​បល់ក្នុងកិច្ចប្រជុំ ដែលវាជាសន្និបាតប្រចាំឆ្នាំ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here